កម្ពុជា និងឡាវ នឹងទទួលផលចំណេញច្រើន ខណៈ Pfizer លក់ឱសថបញ្ចុះតម្លៃពិសេសសម្រាប់ប្រទេសក្រីក្រ

ដោយសុខុម

បាងកក: ក្រុមហ៊ុនផលិតឱសថខ្នាតយក្សរបស់សហរដ្ឋអាមេរិក Pfizer Inc បានប្រកាសថា ខ្លួនមានគម្រោងលក់ផលិតផលឱសថរបស់ខ្លួនបញ្ចុះតម្លៃពិសេសសម្រាប់បណ្ដាប្រទេស ដែលមានចំណូលទាបចំនួន៤៥ រួមទាំងកម្ពុជា និងឡាវ ផងដែរ។

យោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃពុធ ទី២៥ ខែឧសភា នេះឱ្យដឹងថា គំនិតផ្តួចផ្តើមដ៏ទូលំទូលាយនេះនឹងចាប់ផ្តើមនៅប្រទេសចំនួន៥ ជាមួយនឹងឱសថចំនួន២៣ប្រភេទសម្រាប់ព្យាបាលជំងឺមហារីក ជំងឺចម្លែកៗ ជំងឺរលាក និងជំងឺឆ្លងជាដើម។ នៅចុងបញ្ចប់គំនិតផ្ដួចផ្ដើមនេះនឹងរួមបញ្ចូលទាំងការព្យាបាល ឬវ៉ាក់សាំងនាពេលអនាគតរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក នេះផងដែរ។

ក្រុមហ៊ុន Pfizer និយាយថា ឱសថទាំងនេះនឹងត្រូវលក់បញ្ចុះតម្លៃពិសេស គឺលក់ក្នុងតម្លៃថ្លៃដើមផលិតកម្ម (លក់រួចខ្លួន)។ ទន្ទឹមនេះក្រុមហ៊ុននេះក៏មានគម្រោងវិនិយោគលើប្រព័ន្ធសុខាភិបាលក្នុងស្រុក ដើម្បីពង្រឹងសមត្ថភាពធ្វើរោគវិនិច្ឆ័យ ទទួលបានការអនុម័តលើឱសថ និងធ្វើឱ្យប្រាកដថា ក្រុមគ្រូពេទ្យដឹងពីរបៀបគ្រប់គ្រងវាផងដែរ។

អំឡុងវិបត្តិរីករាលដាលវីរុសកូវីដ-១៩ ក្រុមហ៊ុននេះបានលក់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនឱ្យទៅបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបក្នុងតម្លៃត្រឹមតែប្រមាណ៧ដុល្លារ ប៉ុណ្ណោះក្នុងមួយដូស បើធៀបនឹងតម្លៃ១៩,៥០ដុល្លារ ដែលខ្លួនលក់នៅសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់កូវីដ-១៩ និងជំងឺផ្សេងៗទៀត ក្រុមហ៊ុនផលិតឱសថផ្សេងក៏បានដាក់ចេញកម្មវិធីលក់ឱសថបញ្ចុះតម្លៃស្រដៀងគ្នាផងដែរ ជាពិសេសសម្រាប់ជំងឺទូទៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែសម្រាប់ប្រភេទឱសថភាគច្រើនដែលថ្មីបំផុត អាចនឹងត្រូវការពេលជាច្រើនឆ្នាំទម្រាំទៅដល់ទីផ្សារក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប។

ក្រុមហ៊ុន Pfizer បានផលិតវ៉ាក់សាំងកូវីដ-១៩ រាប់ពានលានដូស និងចែកចាយទូទាំងពិភពលោក៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here