អគ្គនាយកដ្ឋានពន្ធដាររកចំណូលបានជាង ១៥០០លានដុល្លារអាមេរិក កើនលើសឆ្នាំមុន ២៩,៣៦ភាគរយ

ដោយៈ លក្ខិណា

ភ្នំពេញៈ រយៈពេល ៤ខែដំបូងនៃឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារបានកើនឡើងរហូតដល់ ២៩,៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ នេះបើរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ថដារ នៅថ្ងៃទី២៣ ឧសភា២០២២កន្លងមក។

របាយការណ៍បង្ហាញថា ក្នុងរយៈពេល៤ខែដំបូង ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន៦,០៨ទ្រីលានរៀល ឬប្រមាណ១,៥ពាន់លានដុល្លារអាមេរិក ស្មើនឹង៥៣,២៧ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ អាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២១ ឃើញថាមានកំណើនចំនួន៣៤០,៤៩លានដុល្លារអាមេរិក ។

របាយការណ៍ក៏បានបង្ហាញពីចំណូលក្នុងខែ មេសា ២០២២នេះផងដែរថា ដោយឃើញថា បានរក្សាកំណើនគួរឱ្យកត់សម្គាល់ ធៀបនឹងខែមេសាឆ្នាំមុន ក្នុងរង្វង់៨០ទៅ៩០ភាគរយ ក្នុងនោះពន្ធលើប្រាក់ចំណូលមានប្រមាណ៨១,៩៨ភាគរយ អាករលើតម្លៃបន្ថែមមាន៨៤,៤៤ភាគរយ ពន្ធលើប្រាក់បៀវត្សរ៍មាន៨៨,៥៥ភាគរយ និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ បានកើនឡើង៧៧,៣៣ភាគរយ ខណៈដែលកំណើនខ្ពស់សម្រាប់ចំណូលអាករពិសេស កើន១១,៥៨ភាគរយ ។

លោកគង់ វិបុលអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសា​សន៍ថា ចំណូលពីប្រភពសំខាន់ៗទាំងនេះ បានរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លទ្ធផលនៃកំណើនចំណូលនេះ គឺជាបច្ច័យនៃសកម្មភាពសេដ្ឋកិច្ច បន្ទាប់ពីការបើកប្រទេសឡើងវិញ ចាប់តាំងពីខែវិច្ឆិកា២០២១ ហើយលទ្ធផលនេះក៏ពិតជាបានឆ្លុះបញ្ចាំងអំពីជោគជ័យ និងកិច្ចខិតខំប្រឹងប្រែង នៃការអនុវត្តនូវកំណែទម្រង់ស្ថាប័ននិងទំនើបកម្មពន្ធដារ ព្រមទាំងការអនុវត្តក្នុងស្មារតី និងបុរេសកម្មរាល់វិធានការពន្ធដារនានា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “តាមរយៈកំណែទម្រង់ពន្ធដារ អគ្គនាយកដ្ឋានពន្ធដារមានប្រព័ន្ធគ្រប់គ្រង ការចុះបញ្ជីច្បាស់លាស់ ដែលជាមូលដ្ឋាននៃការគ្រប់គ្រង ប្រមូលចំណូលពន្ធគ្រប់ជ្រុងជ្រោយ និងពង្រីកការផ្ដល់សេវាជូនអ្នកជាប់ពន្ធ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here