ក្រុមប្រទេស G7 ផ្ដល់ជំនួយសេដ្ឋកិច្ច ១៩,៨ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី

ដោយ៖ សុខុម

អន្តរជាតិ: សេដ្ឋកិច្ចឈានមុខគេទាំង៧ ឬ ក្រុមប្រទេស G7 កាលពីថ្ងៃសុក្រ ទី២០ ខែឧសភា បានព្រមព្រៀងផ្តល់ជំនួយសេដ្ឋកិច្ច១៩,៨ពាន់លានដុល្លារ ជួយដល់អ៊ុយក្រែន ដើម្បីធានាថា ហិរញ្ញវត្ថុរបស់អ៊ុយក្រែន មិនរារាំងសមត្ថភាពរបស់ប្រទេសនេះ ក្នុងការប្រយុទ្ធតតាំងនឹងការឈ្លានពានពីសំណាក់រុស្ស៊ី។

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ជំនួយសរុប៩,៥ពាន់លានដុល្លារ ប្រមែប្រមូលបានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 ក្នុងទីក្រុង Koenigswinter ប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍កន្លងទៅ។

លោកបានថ្លែង ក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G7 ថា “យើងបានព្រមព្រៀងគ្នាថា ស្ថានភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែន មិនត្រូវជះឥទ្ធិពលលើសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការការប្រយុទ្ធពារខ្លួន ដោយជោគជ័យនោះឡើយ។ យើងត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបញ្ចប់សង្រ្គាមនេះ”។

ការឈ្លានពានរបស់រុស្ស៊ី បានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៃកិច្ចប្រជុំ កាលពីសប្ដាហ៍កន្លងទៅ រាប់ចាប់ពីភាពចាំបាច់ ក្នុងការកាត់បន្ថយការពឹងផ្អែក លើថាមពលរបស់រុស្ស៊ី រហូតដល់ការកែទម្រង់ទំនាក់ទំនងរវាងប្រទេសនានា ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមប្រទេស G7 បានចេញសេចក្ដីថ្លែងការណ៍ថា “សង្រ្គាមឈ្លានពានរបស់រុស្ស៊ី កំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករាំងស្ទះ បង្កផលប៉ះពាល់ដល់សន្តិសុខ នៃការផ្គត់ផ្គង់ថាមពលពិភពលោក ការផលិតស្បៀងអាហារ ការនាំចេញអាហារ និងទំនិញកសិកម្ម ក៏ដូចជាដំណើរការនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកជាទូទៅ”។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen និងមេដឹកនាំផ្សេងទៀត កាលពីសប្តាហ៍កន្លងទៅ សុទ្ធតែបានលើកឡើងពីភាពចាំបាច់ ដែលបណ្ដាសម្ព័ន្ធមិត្តត្រូវរួបរួមគ្នាផ្តល់ជំនួយបន្ថែមឱ្យបានគ្រប់គ្រាន់ ដើម្បីជួយឱ្យអ៊ុយក្រែន “ឆ្លងផុត” សង្គ្រាមឈ្លានពានរបស់រុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here