កម្ពុជាក្លាយពីប្រទេសខ្វះស្បៀងទៅជាប្រទេសនាំចេញស្បៀង ទៅកាន់ទីផ្សារពិភពលោក

 ដោយៈ លក្ខិណា

ភ្នំពេញៈ កាលពីអំឡុងឆ្នាំ១៩៩៣ ឬក្រោយពេលកម្ពុជាបានរួចផុតពីរបបក្រហម កម្ពុជាគឺជាប្រទេសខ្វះស្បៀងនៅឡើយ និងមានអង្គការអន្តរជាតិជាច្រើនបានចូលមក និងបន្តឧបត្ថម្ភស្បៀងមកប្រជាជនកម្ពុជា ហើយកាលនោះ កម្មវិធីស្បៀងអាហារពិភពលោករបស់ធនាគារពិភពលោកក៏បានដើរតួនាទី និងនាំស្បៀងមកជូនប្រជាជនកម្ពុជាជាច្រើន តែក្រោយមកកម្ពុជាក៏បានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់រហូតដល់នាំចេញទៅវិញ។

លោកកាន់ គន្ធីអគ្គនាយករងនៃក្រុមហ៊ុនAmru Rice បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលថ្មីៗនេះឱ្យដឹងថា តាំងពីកម្ពុជាបានរៀប​ចំការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ ពេលនោះកម្ពុជាគឺជាប្រទេសខ្វះស្បៀង និងមានអង្គការជាច្រើន ហើយកម្មវិធីស្បៀងអាហារពិភពលោកក៏មានការិយាល័យក្នុងប្រទេសកម្ពុជាដែរ។

ប៉ុន្តែរយៈពេលកាលពីជាង១០ឆ្នាំមុន កម្ពុជាបានប្រែពីប្រទេសខ្វះខាតស្បៀង ទៅជាប្រទេសផលិតស្បៀងលើសតម្រូវការ  ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការនាំចេញអង្ករ ទៅកាន់ទីផ្សារក្រៅប្រទេសវិញ និងកំណត់យកឆ្នាំ២០១៥នាំចេញឱ្យបាន១លានតោន ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកកាន់ គន្ឋឺបានបន្តថា បច្ចុប្បន្ននេះ កម្ពុជាផលិតស្បៀងបានច្រើន ប៉ុន្តែសម្រាប់គុណភាពវិញនៅមានកម្រិតនៅឡើយ ធៀបនឹងប្រទេសមួយចំនួន ហើយដើម្បីជំរុញឱ្យការនាំចេញកាន់តែខ្ពស់ គឺមានកត្តាច្រើន ក្នុងនោះរដ្ឋាភិបាល ក៏បានអនុគ្រោះពន្ធសម្រាប់ការនាំចេញ ដើម្បីឱ្យអ្នកនាំចេញអង្ករ និងស្បៀងអាហារកាន់តែជំរុញ នូវការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក ។

លោកបន្ថែមថា ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោកមានការកើនឡើងខ្ពស់ ខណៈកាលពីជាង១០ឆ្នាំមុន កម្ពុជានាំចេញតែស្រូវប៉ុណ្ណោះ ទៅកាន់ទីផ្សារអន្តរជាតិជាពិសេសប្រទេសវៀតណាម និងថៃ ។ លោកបន្តថា ទោះបីជាបច្ចុប្បន្ននេះកម្ពុជា បានជំរុញការនាំចេញអង្កររបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិក៏ពិតមែនតែកម្ពុជា ក៏នៅតែមានការនាំចេញស្រូវ ទៅកាន់ប្រទេសជិតខាងដែរ តែបរិមាណនៃការនាំចេញស្រូវឃើញថាបានថមថយបន្តិចម្ដងៗ”។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា​ទ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ការនាំចេញផលិតផលកសិកម្មឬស្បៀងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានកំណើនកើនឡើងជាបន្តបន្ទាប់ ជាពិសេសទោះបីស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩ ក៏កំណើននៃការនាំចេញស្បៀងរបស់កម្ពុជានៅតែមានកំណើនខ្ពស់ដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here