កម្ពុជាបង្ហាញសក្ដានុពលនិងកាលានុវត្តភាពអភិវឌ្ឍន៍របស់ខ្លួនចំនួន៤ដល់វិនិយោគិនចិន

ដោយ៖ លក្ខិណា

 

ភ្នំពេញ ៖ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសបានធូរស្រាលឡើងវិញ កម្ពុជាបានបង្ហាញកាលានុវត្តភាពវិនិយោគ និងសក្ដានុពលរបស់ខ្លួនទៅកាន់វិនិយោគិនបរទេសជាបន្តបន្ទាប់ ក្នុងនោះដែរកម្ពុជាក៏បានបង្ហាញកាលានុវត្តភាព និងសក្ដានុពល៤ចំនុច ដល់វិនិយោគិនបរទេស ដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០២២ ក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ និងបង្កើតវិបុលភាពតំបន់” ជាលក្ខណៈពាក់កណ្តាលអនឡាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

ក្នុងវេទិកានោះដែរក៏មានការធ្វើបទបង្ហាញដោយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ភាគីកម្ពុជានានាផងដែរ ហើយបទបង្ហាញទាំងនោះ ផ្ដោតលើប្រធានបទសំខាន់មួយចំនួន រួមមាន៖

ទី១-បទបង្ហាញស្តីពីស្ថានភាពទូទៅនៃសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ដោយថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មកម្ពុជា ទី២-បរិយាកាស និងការលើកកម្ពស់គោលនយោបាយវិនិយោគកម្ពុជា ដោយប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទី៣-គុណសម្បត្តិនៃការនាំចេញផលិតផលកសិកម្ម ដោយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងទី៤-បរិយាកាសនៃការវិនិយោគនៅខេត្តព្រះសីហនុ ដោយអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បន្ទាប់មកទៀតក៏មានការធ្វើបទបង្ហាញពីវិស័យឯកជនរបស់ចិន ដែលកំពុងធ្វើធុរកិច្ច និងវិនិយោគ ក្នុងប្រទេសកម្ពុជាផងដែរ។

 

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការអនុវត្តនូវគោលនយោបាយជាយុទ្ធសាស្ត្រ តាមគំនិតផ្តួចផ្តើមរបស់ ប្រធានាធិបតីចិន លោកស៊ី ជិនពីងក្នុងការកែទម្រង់ស៊ីជម្រៅលើអភិបាលកិច្ចប្រទេសចិន និងការដាក់ចេញនូវយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលដើរតួនាទីជាគន្លឹះក្នុងការ ជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន ហើយទំនាក់ទំនង នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន លើគ្រប់វិស័យត្រូវបានពង្រឹង និងពង្រីកជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

 

លោកបន្តថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកជាបន្តបន្ទាប់ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសកម្ពុជា-ចិន ក្នុងនោះក្រោមក្របខ័ណ្ឌតំបន់ ភាគីទាំងពីរបានចូលរួមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន  និងជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

ក្រោមក្របខ័ណ្ឌទ្វេភាគី កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីខែតុលា ឆ្នាំ២០២០ និងបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ ដែលបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាង កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

 

លោក Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ចិនគឺនៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ហើយបានក្លាយជាគោលដៅនាំចេញអង្ករ និងចេកដ៏ធំបំផុតរបស់កម្ពុជា ជាក់ស្ដែងភាគីទាំងពីរបានសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ពាន់លានដុល្លារ ពីរឆ្នាំមុនពេលកំណត់។

 

លោកថា កិច្ចសហប្រតិបត្តិការវិនិយោគរវាងភាគីទាំងពីរពាក់ព័ន្ធនឹងវិស័យជាច្រើនដូចជា កសិកម្ម ថាមពលអគ្គិសនី វាយនភណ្ឌ និងទំនាក់ទំនង ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានវិនិយោគ និងសាងសង់ដោយសហគ្រាសចិនបានបង្កើតការងារប្រមាណ៣ម៉ឺនកន្លែងសម្រាប់តំបន់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here