តំបន់អឺរ៉ុបកំពុងធ្លាក់ចូលឱនភាពការនាំចូលថាមពល ជាមួយដៃគូរពាណិជ្ជកម្ម

ដោយ: លាងហួរ

 

អឺរ៉ុប : ទិន្នន័យផ្លូវការមួយ ដែលបានបង្ហាញកាលពីថ្ងៃចន្ទនេះ បានឱ្យដឹងថា សមតុល្យពាណិជ្ជកម្មតំបន់អឺរ៉ុប បានធ្លាក់ចុះទៅក្នុងឱនភាព ដោយសារការកើនឡើងនៃថ្លៃថាមពលនាំចូល នៅក្នុងខែមីនា។

ការិយាល័យស្ថិតិ របស់សហភាពអឺរ៉ុប Eurostat បាននិយាយថា ប្រទេសទាំង១៩ ដែលប្រើប្រាស់ប្រាក់អឺរ៉ូ បានកត់ត្រាឱនភាពពាណិជ្ជកម្ម ដែលមិនមានការប្រែប្រួលខ្លាំង​ រហូតដល់១៦,៤ពាន់លានអឺរ៉ូក្នុងខែមីនា ធៀបនឹងអតិរេកចំនួន២២,៥ពាន់លាន នៅក្នុងខែមីនាឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

គម្លាតពាណិជ្ជកម្មតំបន់អឺរ៉ុប កើនឡើងច្រើនជាង១៧.៦ពាន់លានអឺរ៉ូ ក្នុងខែមីនា ដែលជាគម្លាតពាណិជ្ជកម្មដ៏ធំបំផុត ចាប់តាំងពីឆ្នាំ២០១៩។Eurostat បាននិយាយថា តម្លៃនៃការនាំចូលក្នុងខែមីនា បានកើនឡើង៣៥,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈតម្លៃ នៃការនាំចេញ បានកើនឡើង ត្រឹមតែ១៤%ប៉ុណ្ណោះ។

 

បម្រែបម្រួលតម្លៃ នៃការនាំចូលថាមពល មានទំហំធំធេងណាស់ ដោយឱនភាពពាណិជ្ជកម្មថាមពល ស្ទើរតែកើនឡើងបីដង ដែលមានទំហំ១២៨,៧ពាន់លានអឺរ៉ូ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប​ ជាមួយរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ថាមពលសំខាន់របស់ខ្លួន កើនឡើងច្រើនជាងបួនដង ក្នុងទំហំជាង៤៥,២ពាន់លានអឺរ៉ូ ក្នុងត្រីមាសទី១ កើនពី១០,៨ពាន់លានអឺរ៉ូ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

គម្លាតពាណិជ្ជកម្មជាមួយប្រទេសន័រវេស ដែលជាអ្នកផ្គត់ផ្គង់ថាមពលដ៏ធំមួយផ្សេងទៀត បានកើនឡើងដល់១៦,៩ពាន់លានអឺរ៉ូ នៅក្នុងត្រីមាសទីមួយ ពី៥០០លានអឺរ៉ូ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២១។គម្លាតពាណិជ្ជកម្ម ជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អឺរ៉ុប បានកើនឡើងស្ទើរតែទ្វេដងដល់ ៩១,៩ពាន់លានអឺរ៉ូ ក្នុងអំឡុងខែមករា ដល់ខែមីនា ពី៥០,៣ពាន់លាន កាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here