រយៈពេល១០ឆ្នាំផ្សារមូលបត្រកម្ពុជាកៀរគរទុនបានមានប្រមាណ ២៨១លានដុល្លារអាមេរិក

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល១០ឆ្នាំមកនេះ ផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ក្រុមហ៊ុន ដោយក្នុងនោះ៩បានចុះបញ្ជីជាភាគហ៊ុន និង៧ក្រុមហ៊ុនទៀតបានចុះបញ្ជីជាសញ្ញាប័ណ្ណ។

លោកហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានមានប្រ​សា​សន៍ក្នុងសន្និសីទជាតិស្ដីពី ទីផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី១៦ ឧសភា២០២២នេះឱ្យដឹងថា ក្រុមហ៊ុនទាំង១៦ដែលបានចុះបញ្ជី ក្នុងផ្សារមូលបត្រកម្ពុជាបានកៀរគរទុនប្រមាណ២៨១លានដុល្លារអាមេរិក ។

លោកបន្តថា ពិតមែនតទីផ្សាររបស់កម្ពុជាមានទំហំតូច តែទីផ្សារមូលបត្រកម្ពុជា បានចាប់ផ្ដើមកើនឡើងខ្ពស់ចាប់ពីឆ្នាំ២០១៩មក ដែលកាលពីឆ្នាំ២០១៨ ឬឆ្នាំមុនៗនោះ ទំហំជួញដូរមានប្រមាណជា១០០លានរៀលឬប្រមាណជា២៥,០០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយថ្ងៃ ឬអាចតិចជាងនេះផងនៅពេលខ្លះ ប៉ុន្តែទំហំជួញដូរភាគហ៊ុន ក្នុងផ្សារមូលបត្រកម្ពុជាបានហក់ឡើងដល់ប្រមាណជា៦៣០លានរៀល ប្រមាណជាជិត១៦ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃជាមធ្យមក្នុងឆ្នាំ២០១៩ ។

លោកបន្តថា ចូលដល់ឆ្នាំ២០២០ ដោយសារតែបញ្ហានៃការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឱ្យការជួញដូរភាគហ៊ុន ក្នុងផ្សារមូលបត្រកម្ពុជាបានធ្លាក់ចុះបន្តិចវិញ។ យ៉ាងណាក្ដី ក្នុងឆ្នាំ២០២១ ដោយសារតែប្រសិទ្ធភាពនិងភាពវៃឆ្លាត ក្នុងការគ្រប់គ្រងស្ថានភាពកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា យើងបានត្រលប់ទៅរកផ្លូវកំណើនឡើងវិញ ទំហំជួញដូររបស់យើងបានកើនឡើងវិញ ដល់ជាង១ពាន់លានរៀលក្នុងមួយថ្ងៃ ឬប្រមាណ២៧ម៉ឺនដុល្លារអាមេរិកជាមធ្យមក្នុងមួយថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

លោកហុង សុហួរបានបន្តថា “អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះទំហំជួញដូររបស់យើង បានកើនឡើងដល់ជាង៤ពាន់លានរៀលជាមធ្យមក្នុងមួយថ្ងៃ ក្នុងរយៈពេល៤ខែដំបូងក្នុងឆ្នាំ២០២២នេះ ដែលកាលពីដំបូងឡើយយើងរំពឹងថាកំណើននេះ នឹងសម្រេចបាននៅពីរបីឆ្នាំក្រោយ” ។

លោកបន្ថែមថា សម្រាប់សកម្មភាពអ្នកជួញដូរទីផ្សារនេះ ឃើញថាមានវិនិយោគិនថ្មី បើកគណនីជួញដូរចន្លោះពី២០០ ទៅ៥០០នាក់ជារៀងរាល់ខែ រួមទាំងអំឡុងពេលកូវីដ១៩ និងអំឡុងពេលបិទខ្ទប់ផងដែរ ។ ទាំងនេះ គឺជាជំហានទៅមុខយ៉ាងធំរបស់យើង ក្នុងមួយទសវត្សរ៍ដែលយើងអាចហៅថាដំណាក់កាលរៀនដើរ ។

លោកបញ្ជាក់ថា វិស័យឯកជនរបស់ប្រទេសមួយ មិនអាចរីកចម្រើនអស់លទ្ធភាពទេ បើសិនជាវិស័យមូលបត្ររបស់ប្រទេសនោះ មិនមានការរីកចម្រើន ។ ក្រុមហ៊ុនយក្សៗនៅលើពិភពលោកដូចជា Google Facebook , Alibaba ជាដើមមិនអាចកើតមានទេ បើសិនជាវិស័យមូលបត្ររបស់គេមិនអាចរីកចម្រើន។ ថ្វីត្បិតតែក្រុមហ៊ុននោះ បានរីកធំធាត់មុនការចុះបញ្ជីមែន ប៉ុន្តែដោយសារមានផ្សារហ៊ុន ទើបក្រុមហ៊ុនទាំងនោះអាចកៀរគរបានរាប់ពាន់លានដុល្លារអាមេរិក និងជំរុញឱ្យក្រុមហ៊ុនទាំងនោះក្លាយជាក្រុមហ៊ុនយក្សមានទុនរាប់ពាន់លានដុល្លារបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here