លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែតចូលរួមសម្ភោធហេដ្ឋារចនា សម្ព័ន្ឋនៅខេត្តកែប

ដោយៈគង់ សូរិយា

       កែបៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាធិបតីភាព ក្នុងកម្មវិធីសម្ពោធផ្លូវបេតុងចំនួន១ខ្សែប្រវែង២,៧០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ មន្រ្តី ថ្នាក់ដឹកនាំខេត្តកែបនាព្រឹកថ្ងៃទី១៣ ឧសភានេះ លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ចំពោះការទទួលបាននូវសមិទ្ធផលផ្លូវបេតុងចំនួន០១ ខ្សែ ប្រវែង២,៧០០ម៉ែត្រ ជាមួយនឹងការប្រសិទ្ធនាម ផ្លូវអំពេងសន្តិភាព ព្រមទាំងសំណង់សិល្បការ្យមួយចំនួន ដែលជាផ្នែកមួយនៃការអភិវឌ្ឍមូលដ្ឋាន ក្នុងគម្រោងប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកែប ជាប្រយោជន៍បម្រើឲ្យការប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានបន្តថា ផ្លូវមួយខ្សែនេះ ដែលកន្លងមកជួបការលំបាក ដោយសារស្ថានភាពផ្លូវមានលក្ខណៈ ជាផ្លូវរទេះដីក្រហមតូចចង្អៀត និងតែងរងការខូចខាតក្នុងរដូវវស្សា ប៉ុន្តែឥឡូវត្រូវបានពង្រីកទៅជាផ្លូវបេតុង មានទំហំធំសម្រាប់ម៉ូតូឡានតូចធំ និងប្រកបដោយគុណភាពរឹងមាំយូរអង្វែង ស្របទៅតាមតម្រូវការដែលចេះ តែកើនឡើងរបស់ប្រជាជន និងដំណើរវិវឌ្ឍទៅមុខរបស់ប្រទេសជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ដថា ក្រៅពីការប្រើប្រាស់ថវិការដ្ឋ សមិទ្ធផលនេះអាចលេចចេញជារូបរាងឡើង ក៏ដោយសារមានការចូលរួមចំណែកផងដែរ របស់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តបរិច្ចាគដី ដើម្បីពង្រីកផ្លូវឲ្យបានធំទូលាយ។ សមិទ្ធផលរួមគ្នានេះ គឺជាអ្វីដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី ចង់ឃើញកើតមានឡើងជាបន្តបន្ទាប់គ្រប់ជំនាន់តទៅ ពីព្រោះក្រៅពីការឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើនរបស់កម្ពុជា និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺជាការឆ្លុះបញ្ចាំងផងដែរអំពីកម្លាំងមហាសាមគ្គីជាតិខ្មែរ ប្រកបដោយភាពម្ចាស់ការ ស័ក្តិសមនឹងពាក្យថា “ខ្មែរជួយខ្មែរ ខ្មែររីកចម្រើន

លោកបានមានប្រសាសន៍បន្តថា ពិតណាស់ ផ្លូវបេតុងមួយនេះ មិនមែនជាសមិទ្ធផលទោលតែឯកឯង ឬដែលធំជាងគេនោះទេ ប៉ុន្តែពិតណាស់ វាជានិមិត្តរូប តំណាងឲ្យដំណើរវិវត្តន៍ដ៏វែងឆ្ងាយ របស់ប្រទេសជាតិយើងទាំងមូល។ ចំពោះអ្នកទូទៅ យើងអាចមើលឃើញត្រឹមតែ ជាផ្លូវបេតុងធម្មតា ប៉ុន្តែសម្រាប់អ្នកមូលដ្ឋានដែលធ្លាប់ជួបការលំបាក ក្នុងការធ្វើទៅដំណើរទៅមកនៅលើផ្លូវនេះផ្ទាល់ ទើបយល់អំពីតម្លៃសារៈប្រយោជន៍ពិតប្រាកដ ដោយធ្លាប់ទន្ទឹងចង់បានជាយូរមកហើយ។

លោកបន្តថា “ដូច្នេះនៅពេលនេះម៉ោងនេះ សូមចូលរួមអបអរសាទរសមិទ្ធផលរួមរបស់ជាតិទាំងអស់មិនថាតូចឬធំ។ ពិតណាស់ យើងមិនគួររស់នៅក្នុងអតីតកាលទេ ប៉ុន្តែយើងចាំបាច់ត្រូវក្រឡេកមើល និងប្រៀបធៀបទៅអតីតកាល ដើម្បីឆ្លុះបញ្ចាំងប្រកបដោយហេតុផល ត្រឹមត្រូវអំពីបច្ចុ​ប្ប  ន្នកាល ដែលនេះគឺជាអភិក្រមចាំបាច់បំផុតដើម្បីសម្លឹង និងដើរទៅដល់អនាគតដ៏រុងរឿងមួយដែលយើងទាំងអស់គ្នាចង់បាន”។

លោកគូសបញ្ជាក់ទៀតថា មកដល់ពេលនេះ ខេត្តកែបមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ គួរជាទីមោទនៈ ដោយទ្បែកហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង ដោយរដ្ឋបាលខេត្តបានខិតខំស្តារកសាង និងជួសជុលទ្បើងវិញ ដោយមានទាំងផ្លូវអ៊ុតកៅស៊ូ AC ផ្លូវបេតុងអាមេ ផ្លូវកៅស៊ូ DBST ផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែ, ការពង្រីកឆ្នេរ និងការបង្កើតកំពង់ផែ ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង អាងប្រព្រឹត្តកម្មចម្រោះទឹកកង្វក់ ឡដុតសម្រាមវេជ្ជសាស្ត្រ ។ល។

ស្របតាមប្លង់គោលប្រើប្រាស់ដីក្រុងកែប ចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីប្រែក្លាយខេត្តកែប ទៅជាតំបន់ទេសចរណ៍ល្អប្រណីតកម្រិតខ្ពស់ នាពេលអនាគត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ស័ក្តិសមជាខេត្តតារារះនាទិសនិរតី ហើយដែលកន្លងមកនេះ ខេត្តក៏បានទទួលជ័យលាភីនានាទាំងថ្នាក់ជាតិ និងអន្តរជាតិរួចមកហើយ។ ទាំងនេះ ក៏ដោយសារខេត្តកែប មានថ្នាក់ដឹកនាំល្អ និងមានការខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋពីសំណាក់មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់ នៅក្នុងការជ្រើសរើស អ្នកដឹកនាំមូលដ្ឋានបានត្រឹមត្រូវ ក្នុងរយៈកាលកន្លងមកនេះ។

ជាមួយនឹងសក្តានុពលសំខាន់ជាច្រើនៗ ខេត្តកែបនឹងបន្តរីកចម្រើនទៅមុខទៀតទាំងកំណើនប្រជាជន ដោយនឹងមានអ្នកចំណូលស្រុកថ្មីផងដែរ និងផ្នែកហេដ្ឋារចសម្ព័ន្ធរូបវ័ន្ត ជាអាទិ៍ កំពង់ផែដែលកំពុងសាងសង់ ជាដើម។

លោកហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា “ទាំងនេះ ប្រាកដជាទាមទារឲ្យមានការព្យាករណ៍ច្បាស់លាស់ និងរៀបចំផែនការបម្រុងទុកជាមុន ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពឲ្យបានរឹងមាំតទៅ ដើម្បីគាំទ្រនិរន្តរភាពនៃដំណើរឆ្ពោះ របស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើស អ្នកដឹកនាំឲ្យបានត្រឹមត្រូវ ដូចដែ​លបានធ្វើកន្លងមកហើយ និងការបន្តផ្តល់ជំនឿចិត្ត និងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមក គឺ សម្តេចតេជោ ដែលក្នុងគ្រប់ដំណាក់កាលទាំងអស់ តែងបានយកជីវិតជាដើមទុនក្នុងបុព្វហេតុសង្គ្រោះ ការពារ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here