គំរោងសំណង់ជាប់គាំងនៅក្រុងព្រះសីហនុបានចាប់ផ្តើមសាងសង់ ឡើងវិញបណ្តើរៗ

 ដោយៈ និស្ស័យ

        ព្រះសីហនុៈ គំរោងអគារដែលបានជាប់គាំងនានា នៅក្រុងព្រះសីហនុបានចាប់ផ្តើមសាងសង់ឡើងវិញបណ្តើរៗហើយ ស្របពេលសកម្មភាពសេដ្ឋកិច្ចចាប់ផ្តើម មានសកម្មភាពកាន់តែប្រសើរឡើង។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១២ ឧសភាម្សិលម៉ិញថា រហូតមកទល់ពេលនេះ សកម្មភាពសេដ្ឋកិច្ចនីខេត្តព្រះសីហនុ បានចាប់ផ្តើមវិវត្តន៍មករកភាពល្អប្រសើរឡើងវិញបណ្តើរៗហើយ ពិសេសលំហូរភ្ញៀវទេសច​រណ៍ក្នុងស្រុកកំពុងមានកំនើនខ្ពស់ ធៀបជាមួយជនបរទេស។

លោកបន្តថា “ជាមួយគ្នានេះ សកម្មភាពសាងសង់បានចាប់ផ្តើមឡើងវិញបណ្តើរៗផងដែរ នៅក្នុងក្រុងព្រះសីហនុ ព្រោះអ្នកវិនិយោគបរទេសបានចាប់ផ្តើមធ្វើដំណើរចេញចូលឡើងវិញ”។ លោកបន្តថា “យើងខ្ញុំបាននិងកំពុងស្នើឲ្យមន្ទីរជំនាញ ដើម្បីសិក្សាមើលថាតើមានអគារប៉ុន្មានបាននិងកំពុងសាងសង់ឡើងវិញ និងអគារប៉ុន្មានបន្តផ្អាកផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលបានទុនវិនិយោគរហូតដល់ ប្រមាណ៨០០០លានដុល្លារអាមេរិក ជាកំនើនមួយដ៏ខ្ពស់ ដែលបានធ្វើឲ្យទីក្រុងនេះផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពនៅក្នុងខេត្តព្រះសីហនុ ចាប់ផ្តើម​មានសកម្មភាពឡើងវិញបណ្តើរៗហើយ ចាប់តាំងពីដើមឆ្នាំនេះមក ប៉ុន្តែសកម្មភាពទិញលក់ នៅមានកម្រិតនៅឡើយ ពិសេសទីផ្សារជួលមិនទាន់ងើបឡើងនោះទេ បន្ទាប់ពីវាបានហក់ឡើងដល់កម្រិតកំពូលមួយ។

លោកបន្តថា “អ្នកវិនិយោគបរទេស បានចាប់ផ្តើមហូរចូលមកបណ្តើរៗហើយ ដើម្បីចាប់ផ្តើមគំរោងរបស់ខ្លួនឡើងវិញ”។លោកបន្តថា “ការវិនិ​យោគលើវិស័យអចលនទ្រព្យ វិលទៅរកសភាពដើមវិញ វាត្រូវការពេលវេលាបន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here