IMF ថាការរីកចម្រើននៃវិស័យធនាគារកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច

ដោយ៖ សុផារី

 

ភ្នំពេញ៖ លោក Vassilli Prokopenko សេដ្ឋវិទូជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលបន្ទុកជំនួយបច្ចេកទេសសម្រាប់កម្ពុជា បានកោតសរសើរការរីកចម្រើន នៃវិស័យធនាគារកម្ពុជា ដោយដើរតួនាទីយ៉ាងសំខាន់ និងរឹងមាំក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច។

 

ការកោតសសើររបស់លោកសេដ្ឋវិទូជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ធ្វើឡើងក្នុងឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសលោកមកបំពេញបេសកកម្មនៅកម្ពុជា ក្នុងគោលបំណងណែនាំជំនាញការថ្មីរបស់ IMF អមធនាគារជាតិនៃកម្ពុជា និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាង មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ជំនួយបច្ចេកទេស បន្តគាំទ្រការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

លោក Vassilli Prokopenko បានសម្តែងការគាំទ្រ ដល់ធនាគារជាតិនៃកម្ពុជា ជាពិសេសបានថ្លែងការកោតសរសើរពីការរីកចម្រើន នៃវិស័យធនាគារកម្ពុជាភាពរឹងមាំ និងតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ១៩ និងទស្សនវិស័យវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា។

 

លោក ស៊ុ សន្និសិទ្ធ បានថ្លែងអំណរគុណដល់ IMF ដែលតែងតែបានជួយគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសទាំងរយៈពេលខ្លី និងវែង ដល់ធនាគារជាតិនៃកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤មក ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍវិស័យធនាគារកម្ពុជាឱ្យមានការរីកចម្រើន និងរឹងមាំនាពេលបច្ចុប្បន្ន។

លោក ស៊ុន សន្និសីទ្ធ បានថ្លែងអំណរគុណដល់ធនាគារកណ្តាលបារាំង ដែលបានផ្តល់ជំនាញការប្រកបដោយសមត្ថភាពខ្ពស់ និងការគាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ចំពោះវត្តមានជំនាញការអមធនាគារជាតិនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here