៤ចំណុច គួរនិងមិនគួរធ្វើ ដើម្បីចៀសវាងការធ្លាក់រណ្តៅបំណុលមិនល្អ

ដោយ៖ សុផារី

 

ភ្នំពេញ៖ ការ​មានបំណុលមិនមែនជារឿងអាក្រក់ទាំងស្រុងនោះទេ ព្រោះបើសិនជាយើងចេះប្រើប្រាស់កម្ចីក្នុងផ្លូវត្រឹមត្រូវ នោះវាមិននាំឲ្យមានហានិភ័យដល់អ្នកឡើយ។ ជាក់ស្តែងការខ្ចីប្រាក់មកវិនិយោគលើអាជីវកម្ម ឬអចលនទ្រព្យ រមែងផ្តល់នូវគុណសម្បត្តិច្រើនជាងគុណវិបត្តិ។

 

ផ្ទុយមកវិញ បើសិនជាអ្នកប្រើប្រាស់កម្ចីរបស់អ្នកក្នុងផ្លូវខុស ឬដើម្បីតែការចាយវាយហ៊ឺហានោះ វាអាចនឹងផ្តល់ផលអវិជ្ជមានច្រើនជាង ព្រមទាំងធ្វើឲ្យអ្នកលង់ខ្លួនកាន់តែជ្រៅក្នុងរណ្តៅបំណុលថែមទៀតផង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

តើគួរធ្វើយ៉ាងដូចម្តេចដើម្បីចៀសវាងការប្រើប្រាស់កម្ចីក្នុងផ្លូវខុស ហើយគេចផុតពីការធ្លាក់រណ្ដៅបំណុល?

 

ចំណុចគួរធ្វើ អ្នក​ត្រូវគិតឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តស្នើសុំកម្ចី ដោយមានទាំងគម្រោងនៃការសងត្រឡប់មួយដែលសមស្របនឹងសមត្ថភាព ដើម្បីចៀសវាងប្រើកម្ចីខុសគោលដៅ ឬខ្ចីលើសតម្រូវការ បង្កឲ្យមានហានិភ័យហិរញ្ញវត្ថុដល់ខ្លួននៅពេលក្រោយ។

 

ការ​យកប្រាក់កម្ចី ជាដើមសម្រាប់ប្រកបរបររកស៊ី ឬពង្រីកអាជីវកម្មមួយ​ ដែលជួយឲ្យអ្នកអាចបង្កើនទ្រព្យបានច្រើនជាង​មុន នោះអ្នកអាចសងបំណុលបានឆាប់ និងអាចកើនទ្រព្យទៀតផង។

 

ម្យ៉ាងទៀត​ ត្រូវគិតថាអ្នកខ្ចីបំណុលដើម្បីដោះទាល់មួយពេលខ្លីប៉ុណ្ណោះ ដូច្នេះត្រូវសងបំណុល ឬ កម្ចីឥណទានឲ្យបានទៀងទាត់ ហើយអ្នកគួរត្រួតពិនិត្យ​សុខភាពហិរញ្ញវត្ថុយ៉ាងតិចមួយឆ្នាំម្ដង ដើម្បីដឹងពីស្ថានភាពនិងព័ត៍មានជាក់ស្ដែងនៃប្រវត្តឥណទានរបស់អ្នក។ ចៀសវាងកុំឲ្យមានប្រវត្ដិមិនល្អក្នុងការប្រើឥណទាន ដែលអាចប៉ះពាល់ដល់អ្នកពេលចង់ស្នើកម្ចីនៅពេលក្រោយ។ ​

 

អ្នក​គួរ​រៀបចំ និងបែងចែកហិរញ្ញវត្ថុឲ្យបានជាក់លាក់ ទាំងបរិមាណសម្រាប់សងបំណុល ចាយវាយ និងការសន្សំសម្រាប់ហានិភ័យជាដើម ដើម្បីចៀសវាងការបង្កើនបំណុលផ្សេងទៀតជាបន្ទុក។

 

យ៉ាងណាក្តី ចំណុចមិនគួរធ្វើ សូម​កុំបង្កើតបំណុល ដើម្បីបង្កើនចំណាយទៅលើភាពហ៊ឺហារ និងធ្វើអ្វីតាមចំណង់មួយពេលៗ។ ឧទាហរណ៍៖ ឃើញគេរកស៊ីលក់គ្រឿងសម្អាងដាច់ ចង់ចងការប្រាក់ដើម្បីរកស៊ីដូចគ្នាព្រោះចង់មានឆាប់ដែរ ទាំងដែលមិនមានផែនការ ឬបទពិសោធអ្វីសោះ។

 

ការ​ស្នើសុំកម្ចីថ្មី ដើម្បីសងបំណុលចាស់ ជាបន្តបន្ទាប់ឥតល្ហែ​នឹង​នាំឱ្យ​អ្នក​ធ្លាក់ក្នុង​រណ្តៅបំណុល​ ដោយសារគ្មានគោលដៅជាក់លាក់ និងមិនដឹងធ្វើអ្វីក្រៅពីខ្ចីលុយគេ ព្រោះអាងមានទ្រព្យបញ្ចាំ។

ការ​សងបំណុលយឺតពេល ដែលនេះធ្វើឲ្យអ្នកខាតទាំងលុយផាកពិន័យ និងធ្វើឲ្យប្រវត្តិឥណទានរបស់អ្នកមិនល្អថែមទៀតផង និង​ការជ្រើសរើសរយៈពេលកម្ចីយូរឆ្នាំពេក ព្រោះអត្រាការប្រាក់ទាប និងត្រូវបង់តិចតួចក្នុងមួយខែៗ តែបើបូកសរុប អ្នកនឹងឃើញថា អ្នកត្រូវចំណាយយ៉ាងច្រើន លើអត្រាការប្រាក់ ដោយសារការពន្យារពេលនោះ។

 

សរុបមក ការខ្ចីកម្ចី គឺផ្តល់មកទាំងគុណសម្បត្តិ និងគុណវិបត្តិ។ បើអ្នកប្រើប្រាស់វាក្នុងផ្លូវត្រូវ វានឹងធ្វើឲ្យអ្នកបង្កើនទ្រព្យ តែបើខ្ចីដោយគ្មានផែនការច្បាស់លាស់ ហើយប្រើវាក្នុងផ្លូវខុស វានឹងរុញច្រានអ្នកឲ្យធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌកនៅពេលក្រោយជាក់ជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here