តើរុស្ស៊ី នឹងចំណាយពេលយូរប៉ុណ្ណាដើម្បីបញ្ចប់ ឬយកឈ្នះសង្គ្រាមនៅអ៊ុយក្រែន?

ដោយសុខុម

អន្តរជាតិ: នៅមុនពេលបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន រុស្ស៊ី ប្រហែលជាប៉ាន់ស្មានខុស ឬមើលស្រាលថា ខ្លួននឹងយកឈ្នះសង្គ្រាមអ៊ុយក្រែន ក្នុងពេលត្រឹមតែ១សប្ដាហ៍ ឬ២សប្ដាហ៍យ៉ាងយូរ ព្រោះខ្លួនជាមហាអំណាចយោធាដ៏មានឥទ្ធិពលដែលសូម្បីសហរដ្ឋអាមេរិក ក៏ញញើត។

ទោះជាយ៉ាងណា សង្គ្រាមឈ្លានពាននេះបានឈានចូលដល់ថ្ងៃទី៧៥ ហើយគិតត្រឹមថ្ងៃទី៩ ខែឧសភា នេះ ដោយគ្មានសញ្ញាច្បាស់លាស់បង្ហាញថាវានឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះឡើយ។ ដូច្នេះមានការចោទជាសំណួរថា តើរុស្ស៊ី នឹងចំណាយពេលយូរប៉ុណ្ណាដើម្បីបញ្ចប់ ឬយកឈ្នះក្នុងសង្គ្រាមនេះ?

មន្ត្រីអឺរ៉ុប ២រូបបានទម្លាយប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃទី១៥ ខែមេសា ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់បណ្ដាសម្ព័ន្ធមិត្តអឺរ៉ុប ថា សហរដ្ឋអាមេរិក ជឿថា សង្រ្គាមរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន អាចនឹងអូសបន្លាយរហូតដល់ដំណាច់ឆ្នាំ២០២២ ខណៈមន្ត្រីអាមេរិក និងមន្ត្រីអឺរ៉ុប បានធ្វើការវាយតម្លៃកាន់តែច្រើនឡើងថា គ្មានសញ្ញាបង្ហាញថាសង្គ្រាមនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

មន្ត្រីជាច្រើនដែលបានទម្លាយប្រាប់សារព័ត៌មាន CNN បានសង្កត់ធ្ងន់ថា វាពិបាកទស្សន៍ទាយដឹងថាសង្គ្រាមនេះនឹងអូសបន្លាយពេលយូរប៉ុណ្ណាណាស់ ប៉ុន្តែមន្ត្រីមួយចំនួននិយាយថា គ្មានសញ្ញាណាមួយបង្ហាញថា គោលដៅចុងក្រោយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានផ្លាស់ប្តូរនោះឡើយ ហើយលោក ពូទីន ក៏ទំនងជាមិនបន្តការចរចាការទូតនោះដែរ លុះត្រាតែលោកប្រឈមមុខនឹងការបរាជ័យខាងយោធា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកឡើងកាលពីខេមុនថា សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ទំនងជាអូសបន្លាយពេលយូរ ហើយនឹងបន្ត “ច្រើនខែទៀត ឬសូម្បីយូរជាងនេះ”។

តំណាងរាស្ត្រអាមេរិក មួយចំនួន និងជំនួយការរបស់ពួកគេថែមទាំងបានប្រៀបធៀបសង្គ្រាមអ៊ុយក្រែន ទៅនឹងសង្គ្រាមកូរ៉េ ដែលបានអូសបន្លាយពេលដល់ទៅ៣ឆ្នាំទៀតផង៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here