ប្រទេសថៃគ្រោង​នាំចេញផ្លែឈើជាងកន្លះលានតោនទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២នេះ

ដោយ៖​ លាងហួរ

 

ប្រទេស​ថៃ៖ ក្រសួងពាណិជ្ជកម្មថៃ កាលពីថ្ងៃទី​០៤ ខែ​ឧសភានេះ បានបង្ហាញផែនការ ក្នុងការនាំចេញផ្លែឈើស្រស់ចំនួន៥៣០.០០០តោនទៅកាន់ប្រទេសចិន នៅឆ្នាំ២០២២​នេះ។

លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា “ដើម្បីសម្រេចបាននូវផែនការនេះ ការនាំចេញនឹង​ត្រូវ​ធ្វើ​ឡើង​តាមផ្លូវសមុទ្រ ផ្លូវគោក និងផ្លូវអាកាស​”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់​ថា កាលពីឆ្នាំមុន ការ​នាំចេញផ្លែឈើរបស់​ប្រទេសថៃចំនួន​៥២ភាគរយ ត្រូវ​បាន​ដឹក​តាមសមុទ្រ ៤៨ភាគរយតាមផ្លូវគោក និងតិចជាង១ភាគរយតាមផ្លូវអាកាស​។

 

លោកបានបន្តទៀតថា នៅ​ក្នុង​ឆ្នាំ​នេះ ប្រទេស​ថៃ​នឹងផ្តោតលើការនាំចេញផ្លែឈើស្រស់ដឹកតាមផ្លូវសមុទ្រ ខណៈដែលច្រកព្រំដែនចិនចំនួន៤ត្រូវបានបិទបើក ដោយសារតែស្ថានភាពកូវីដ១៩​ និងគោលនយោបាយ​សូន្យ​កូ​វីដ​១៩ របស់ប្រទេសចិន។

 

នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ (DITP) មានបំណងនាំចេញផ្លែឈើស្រស់ចំនួន ៥៣០.០០០តោនទៅកាន់ប្រទេសចិននៅក្នុង​ឆ្នាំនេះ។

លោកបានពន្យល់ថា ផ្លែឈើស្រស់ចំនួន៣៩០.០០០តោន ឬស្មើនឹង៨៣ភាគរយនឹងត្រូវនាំចេញតាមសមុទ្រ តាមរយៈខ្សែដឹកជញ្ជូនចំនួន៥ គឺ Cosco SITC Yang Ming Maersk និង Wanhai។ ចំណែក​ផ្លែឈើចំនួន៣៦.០០០តោន ឬ៦,៥ភាគរយទៀត​នឹងត្រូវនាំចេញតាមផ្លូវអាកាសតាមរយៈ Thai Airways International Thai Lion Air AirAsia X និង China Southern Airlines។​ ក្រៅ​ពីនេះ ១០,៥ភាគរយនឹងត្រូវនាំចេញ តាមផ្លូវគោកតាមច្រកត្រួតពិនិត្យចំនួន៤។

នៅក្នុងត្រីមាសទីមួយ ប្រទេសថៃបាននាំចេញផ្លែឈើចំនួន៧៥៤.០២៧ តោន ដែលមានតម្លៃ ៣៣,៩៨ពាន់លានបាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here