កិច្ចព្រមព្រៀងពាណិជ្ជកម្មRCEP នឹងជំរុញកំណើននាំចេញរបស់កម្ពុជាបន្ថែមពី៩,៤ទៅ១៨ភាគរយក្នុងមួយឆ្នាំ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២នេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២របស់កម្ពុជាជាមួយដៃគូ បានចូលជាធរមានជាផ្លូវការ។ ក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP។

សម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងនៅក្នុងតំបន់ ហៅកាត់ថា RCEP ត្រូវបានរំពឹងថា នឹងជំរុញកំណើននាំចេញរបស់កម្ពុជាបន្ថែមពី៩,៤ភាគរយ ទៅ១៨ភាគរយ លើកំណើនដែលមានស្រាប់ក្នុងមួយឆ្នាំៗ។

ការសិក្សារួមគ្នារបស់អ្នកជំនាញនៃវិទ្យាស្ថាន ERIA ក្រុមការងារស្រាវជ្រាវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ដែលបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំនៃការនាំចេញ ក្នុងរង្វង់ប្រមាណពី៩,៤%ទៅ១៨% ដែលនឹងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំឆ្នាំ ប្រមាណពី២%ទៅ៣,៨% កំណើនឱកាសការងារប្រចាំឆ្នាំ ប្រមាណ៣,២%ទៅ៦,២% និងកំណើនចំណូលពន្ធប្រចាំឆ្នាំប្រមាណ២%ទៅ៣,៩% ផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី៥ ឧសភា ២០២២ នេះឱ្យដឹងថា កិច្ចព្រមព្រៀងអាសិបមានសមាជិកចំនួន១៥ រួមមាន ប្រទេសសមាជិកអាស៊ានទាំង១០ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដោយបង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ៣០% នៃចំនួនប្រជាជនពិភពលោក។

RCEP មានផលិតផលក្នុងស្រុកសរុបរួមគ្នា ប្រមាណ២៦,២ពាន់លានដុល្លារអាមេរិក ឬ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក។

ប្រទេសកម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានប្រើប្រាស់កិច្ចព្រមព្រៀងអាសិប ដោយក្រសួងពាណិជ្ជកម្មបានចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ដល់ក្រុមហ៊ុននាំចេញស្បែកជើងទៅកាន់ទីផ្សារនៃប្រទេសអាសិប។

លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណកម្មាធិការចរចាកិច្ចព្រមព្រៀង RCEP បានថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រាប់សហគ្រាសកសិ-ម្ហូបអាហារធុនតូច និងមធ្យមកម្ពុជា កាលពីថ្ងៃទី៤ ឧសភា ២០២២កន្លងទៅនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពិតជាមានសារសំខាន់ណាស់ ក្នុងការធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងចូលរួមអនុវត្តនូវសេដ្ឋកិច្ចជាតិ ជាពិសេសនៅពេលដែលកម្ពុជាចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លើសពីនេះ កិច្ចព្រមព្រៀងអាសិប ក៏ជាសញ្ញាមួយបង្ហាញពីការគាំទ្រលើប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ និងប្រឆាំងនឹងការកើនឡើងនៃនិន្នាការគាំពារនិយមរបស់ប្រទេសមហាអំណាចមួយចំនួន ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here