ប្រទេសកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក ពីពិព័រណ៍ពិភពលោក២០២០នៅទីក្រុងឌុយបៃ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានរៀបចំពិធីអបអរសាទរ ដែលប្រទេសកម្ពុជាទទួលបានពានរង្វាន់ប្រាក់ពិភពលោក លើផ្នែកការរចនាពន្លាជាតិល្អជាងគេក្នុងសង្កាត់និរន្តរភាព ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE)។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងជាអគ្គស្នងការកម្ពុជាសម្រាប់ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ។

លោក ប៉ាន សូរស័ក្តិ បញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលពានរង្វាន់ប្រាក់ពិភពលោក០១គ្រឿង ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ BIE លើផ្នែកការរចនាពន្លាជាតិ បានល្អជាងគេក្នុងសង្កាត់និរន្តរភាព (Silver Award on the Interior Design for Sustainable District) ក្នុងចំណោមប្រទេសចំនួន៤៥ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់នោះ ហើយនេះជាលើកទី២ ដែលកម្ពុជាមានកិត្តិយសបានទទួលពានរង្វាន់ប្រាក់នេះ បន្ទាប់ពីបានទទួលពានរង្វាន់ប្រាក់លើកដំបូងពីការចូលរួមពិព័រណ៍ពិភពលោកឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ពានរង្វាន់នេះធ្វើឡើងតាមរយៈការវាយតម្លៃយ៉ាងសុក្រឹត ដោយផ្អែកលើការរៀបចំតុបតែងពន្លាជាតិស្របតាមខ្លឹមសារ និងប្រធានបទ រួមទាំងកំណត់ទៅតាមទំហំ និងប្រភេទពន្លាជាតិ ដោយត្រូវឆ្លងកាត់ការវាយតម្លៃផ្អែកលើទិដ្ឋភាពរួមចំនួន ៣ គឺ ១. ស្ថាបត្យកម្ម និងទស្សនីយភាព ២. ការរចនាពន្លាជាតិ និង ៣. ការបកស្រាយប្រធានបទ។

លោកបន្ថែមថា ពានរង្វាន់នេះជាស្នាដៃមួយដែលមានតម្លៃជាប្រវត្តិសាស្រ្ត ហើយបានបញ្ជាក់ពីការទទួលស្គាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាបានល្បីល្បាញជាសកល តាមរយៈការរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍កម្រិតពិភពលោកនានា ព្រមទាំងនាំមកនូវមោទកភាពជូនជាតិក្នុងការចូលរួមពិព័រណ៍ពិភពលោក២០២០ ឌុយបៃ។

ប្រទេសកម្ពុជាធ្លាប់មានបទពិសោធន៍ និងទទួលបានជោគជ័យចំនួន៤លើករួចមកហើយ ក្នុងការចូលរួមពិព័រណ៍ពិភពលោកចាប់តាំងពីឆ្នាំ២០០០ រហូតដល់បច្ចុប្បន្ន ក្នុងនោះ (១) ពិព័រណ៍ពិភពលោក ២០០៥ នៅទីក្រុងអាយជី ប្រទេសជប៉ុន (២) ពិព័រណ៍ពិភពលោក ២០១០ នៅទីក្រុងសៀងហៃ ប្រទេសចិន (៣) ពិព័រណ៍ពិភពលោក ២០១៥ នៅទីក្រុងមីទ្បង់ ប្រទេសអ៊ីតាលី និង (៤) ពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នៅសហភាពអារ៉ាប់រួម ហើយនៅឆ្នាំ២០២៥ ខាងមុខ ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល កម្ពុជានឹងចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា-កាន់សៃ ជប៉ុន (Expo 2025 Osaka, Kansia, Japan) ក្រោមប្រធានបទ “Designing Future Society for Our Lives”៕

LEAVE A REPLY

Please enter your comment!
Please enter your name here