ដោយៈ សិរី ម៉ាលីនណា
ភ្នំពេញៈ ទោះបីជាកាតព្វកិច្ចពាក់ម៉ាស់ ត្រូវបានរាជរដ្ឋាភិបាលសម្រេចលើកលែងក៏ដោយ ក៏បញ្ហានេះមិនបង្ករផលប៉ះពាល់ច្រើនដល់ផលិតកម្ម រោងចក្រ/សិប្បកម្ម ដែលផលិតនិងផ្គត់ផ្គង់ម៉ាស ដោយសារបំពេញតម្រូវការនាំចេញ និងខណៈប្រជាពលរដ្ឋមួយចំនួនក្នុងស្រុក នៅបន្តមានតម្រូវការ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរបានមានប្រសាសន៍ឲ្យដឹងកាលពីនៅថ្ងៃទី២៨ ខែមេសាកន្លងមកថា កន្លងមកកម្ពុជាមានរោងចក្រ ផលិតម៉ាសធំៗចំនួន២ មួយនៅខេត្តកំពង់ចាម និងមួយផ្សេងទៀតនៅខេត្តព្រះសីហនុ ដែលផលិតឧបករណ៍វេជ្ជសាស្រ្ត ក្នុងនោះរួមមាន ម៉ាស ស្រោមដៃ…។
លោកបន្តថា “ក្នុងអំឡុងកូវីដ១៩ ក៏មានរោងចក្រមួយចំនួនដើមឡើយថាចង់ប្តូរទៅផលិតម៉ាស ប៉ុន្តែដល់ពេលវត្ថុធាតុដើមក៏សម្បូរវិញ ហើយមានការបង្វែរការបញ្ជាទិញ ពីប្រទេសផ្សេងៗមកយើង”។ លោកបន្តថា “រោងចក្រកាត់ដេរ បានផលិតសម្លៀកបំពាក់អីជាធម្មតា មិនមានរោងចក្រកាត់ដេរណា ដែលប្តូរទៅផលិតម៉ាស ឬក៏អីទេ ហើយក៏អត់មានតម្រូវការម៉ាសកើនឡើងខ្លាំង ដូចនៅពេលដំណាក់ដំបូងនៃការរាលដាលដែរ”។
លោកហេង សួរបានបញ្ជាក់បន្ថែមថា “ថ្វីត្បិតយើងឃើញថា មិនតម្រូវឲ្យពាក់ម៉ាសឡើងវិញ នៅតាមទីសាធារណៈ ប៉ុន្តែយើងក៏នៅឃើញថា ប្រជាពលរដ្ឋ គាត់ក៏នៅមានការបង្ការការពារដោយខ្លួនឯង”។ លោកបន្តថា “អ្នកខ្លះក៏នៅបន្តពាក់ម៉ាស ហើយអ្នកនៅក្នុងបន្ទប់បិទជិត ក៏នៅតែមានតម្រូវការពាក់ម៉ាស ដែលខ្ញុំគិតថា វាមិនឈានទៅដល់ការលំបាកទាំងស្រុង សម្រាប់សិប្បកម្ម ឬរោងចក្រតូចៗដែលគាត់ផលិតនោះទេ”។
យោងតាមស្ថិតិរោងចក្រ និងសិប្បកម្មផលិតម៉ាស់ អាវនិមួកពេទ្យទូទាំងកម្ពុជា របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា នៅកម្ពុជាបច្ចុប្បន្ន រោងចក្រផលិតម៉ាសមានចំនួន២រោងចក្រ។ ដោយឡែក សិប្បកម្មផលិតម៉ាសមានចំនួន ៧មូលដ្ឋាន ក្នុងនោះកំពុងដំណើរការមានចំនួនតែ ២មូលដ្ឋាន។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងថា ភាគច្រើននៃរោងចក្រផលិតម៉ាសនៅកម្ពុជា គឺផលិតសំដៅការនាំចេញតាំងពីដំបូងទី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈទូទាំងប្រទេស រួមបញ្ចូលគោលដៅទេសចរណ៍នានា ដែលស្ថិតនៅទីលំហ ដែលមានដូចជា រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តដទៃទៀតដែលស្ថិតនៅទលំហ៕