ដោយៈសុខុម
អន្តរជាតិ: សាធារណរដ្ឋអាហ្រ្វិកកណ្តាល បានអនុម័តឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល Bitcoin ជារូបិយប័ណ្ណផ្លូវការរបស់ខ្លួនហើយ ដែលធ្វើឱ្យវាក្លាយជាប្រទេសទី១ នៅទ្វីបអាហ្រ្វិក និងជាប្រទេសទី២ ក្នុងពិភពលោកដែលបានធ្វើដូច្នេះ។ នេះបើយោងតាមប្រធានាធិបតីប្រទេសនេះប្រកាសកាលពីថ្ងៃពុធ ទី២៧ ខែមេសា។
ទោះបីជាខ្លួនមានទុនបម្រុងអន្តរជាតិជាមាស និងត្បូងពេជ្រយ៉ាងសម្បូរបែបយ៉ាងណាក្ដី ក៏សាធារណរដ្ឋអាហ្រ្វិកកណ្តាល ស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុត និងប្រទេសដែលមានអភិវឌ្ឍន៍ តិចតួចបំផុតរបស់ពិភពលោក និងត្រូវបានញ៉ាំញីដោយអំពើហិង្សា ពីសំណាក់ពួកឧទ្ទាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
យោងតាមសេចក្ដីថ្លែងការណ៍មួយ ដែលចុះហត្ថលេខាដោយលោក Obed Namsio នាយអគ្គសេនាធិការនៃប្រធានាធិបតី Faustin-Archange Touadera ឱ្យដឹងថា សេចក្ដីព្រាងច្បាប់មួយស្ដីពី ការគ្រប់គ្រងការប្រើប្រាស់រូបិយប័ណ្ណឌីជីថល (Cryptocurrency) ត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆ័ន្ទកាលពីសប្តាហ៍មុន។
លោក Obed Namsio បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “លោកប្រធានាធិបតីគាំទ្រ សេចក្ដីព្រាងច្បាប់នេះ ព្រោះវានឹងធ្វើឱ្យស្ថានភាពរស់នៅ របស់ពលរដ្ឋអាហ្វ្រិកកណ្តាល កាន់តែប្រសើរឡើង”។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល លោក Obed Namsio បានចាត់ទុកការអនុម័ត សេចក្ដីព្រាងច្បាប់នេះថាជា “ជំហានដ៏ច្បាស់លាស់ឆ្ពោះទៅរកការបើកឱកាសថ្មីៗសម្រាប់ប្រទេសយើង”។
អែលសាល់វ៉ាឌ័រ បានក្លាយជាប្រទេសទី១ ក្នុងពិភពលោកដែលបានអនុម័តឱ្យប្រើប្រាស់ Bitcoin ជារូបិយប័ណ្ណស្របច្បាប់របស់ខ្លួនក្នុងឆ្នាំ២០២១៕ Aljazeera៕