សម្តេចតេជោទំហំពាណិជ្ជកម្មកម្ពុជា វៀតណាមសម្រេចលើសផែនការ ៥០០០លានដុល្លារ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់ នៃការិយាល័យនយោបាយវៀតណាម សម្តេចតេជោបានថ្លែងថា ប្រទេសទាំងពីរត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច។

សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្ស កុម្មុយនីស្ដវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏មានសេក្តីរីករាយជាមួយនឹងការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចតេជោបានមានប្រសា​សន៍បន្តថា ជាការពិតទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានការកើនឡើងលើសផែនការ៥ពាន់លានដុល្លារ តែទោះជាយ៉ាងនេះក្តី យើងត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការកែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នា ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងការពិនិត្យមើលអ្វី ដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើការរួមគ្នាបន្តទៀត បាននៅពេលខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកឌិញ ទៀនហ្ស៊ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យលោកបានចូលជួប សំដែងការគួរសមនាពេលនេះ។

លើសពីនេះ លោកក៏បានគោរពរាយការណ៍ជូន សម្តេចតេជោអំពីស្ថានភាព ក៏ដូចជាការទប់ស្កាត់ជំងឺ Covid-19 នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ភាពស្ថានភាពសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍របស់រដ្ឋធានីហាណូយ និងការប្ដេជ្ញាចិត្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវារដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ដូចជាការពង្រីក ពង្រឹងមិត្តភាព និងការអនុវត្តឲ្យទទួលបាននូវភាពជោគជ័យ នូវរាល់សេចក្តីថ្លែងការក៏ដូចជាកិច្ចព្រមព្រៀងទាំងឡាយរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរតែបានព្រមព្រៀងគ្នាកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here