សម្ដេចតេជោលើកឡើងកត្តា៥ ជំរុញសកម្មភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា

ដោយ៖ លក្ខិណា​

ភ្នំពេញ ៖ វិនិយោគិនបរទេស ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងវិនិយោគិនបរទេសជាច្រើនទៀត កំពុងចាប់អារម្មណ៍និងស្វែងរកការវិនិយោគជាបន្តបន្ទាប់ឡើងវិញ នៅក្នុងប្រទេសកកម្ពុជា ក្រោយពេលកម្ពុជាបានបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ តាំងពីចុងឆ្នាំ២០២១កន្លងមក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីសក្ដានុពលក្នុងការទាក់ទាញវិនិយោគិន បរទេសដើម្បីចូលមកវិនិយោគឡើងវិញផងដែរ និងលើកឡើងថា បរិយាកាសវិនិយោគនៅកម្ពុជាមានភាពអ៊ូអរយ៉ាងប្រសើរ នាពេលបច្ចុប្បន្ននេះ ដោយសារតែកត្តា៥យ៉ាង។

ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យ ប្រតិភូក្រុមហ៊ុនចិនចំនួន៣ ដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលជួបសម្តែងការគួរសម នៅថ្ងៃទី២៥ ខែមេសានេះ។

ថ្នាក់ដឹកនាំមកពីក្រុមហ៊ុនរបស់ចិនធំៗចំនួន៣ដែលដែលមានវត្តមានក្នុងប្រទេសកម្ពុជាស្រាប់ ដូចជាក្រុមហ៊ុន ព្រីនស៍ គ្រុប ក្រុមហ៊ុន China Investment ក្រុមហ៊ុន អ៊ីស្ទេត ហើយក៏បានបង្ហាញពីសក្ដានុពលដែលវិនិយោគិនទាំងនោះអាចពិចារណាបណ្ដាក់ទុនវិនិយោគបន្ថែម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោហ៊ុនសែន ជម្រាបទៅកាន់វិនិយោគិនទាំងនោះថា បរិយាកាសវិនិវិនិយោគនៅកម្ពុជាមានភាពប្រសើរ ដោយមូលហេតុសំខាន់៥ ក្នុងនោះរួមមាន ១. កម្ពុជាមានសុខសន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ ២. កម្ពុជាមានច្បាប់វិនិយោគដែលផ្ដល់ការងាយស្រួលដល់វិនិយោគិន ទី៣. កម្ពុជាមានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយ សម្រាប់ការជួយសម្រួលដល់ការវិនិយោគ ទី៤ កម្ពុជាមិនតម្រូវឱ្យអ្នកវិនិយោគប្រើប្រាស់ប្រាក់រៀលតែមួយទេ សម្រាប់បើកប្រាក់ខែឱ្យបុគ្គលិក ដោយកម្ពុជាគឺអនុញ្ញាតដល់ការប្រើប្រាក់ដទៃទៀតដូចជាប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផង និងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង ទី៥កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើន។

សម្ដេចតេជោ បានណែឱ្យវិនិយោគិនទាំងនោះធ្វើការស្វែងយល់បន្ថែមទៀតពីលោកសុខចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពីទិសដៅវិនិយោគនៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ាចេន ហ្ស៊ី ប្រតិភូវិនិយោគិនចិន បានជម្រាបសម្ដេចថា ក្រុមហ៊ុនដែលចូលជួបសម្ដេចនៅពេលនេះមានអាជីវកកម្មលើវិស័យឧស្សាហកម្ម រ៉ែ ហេដ្ឋារចនាសម្ព័ន្ធ អចលនវត្ថុ ពាណិជ្ជកម្ម សំណង់ ឡូជីស្ទុក មូលបត្រ និងពាណិជ្ជកម្មមូលបត្រ ហើយក្រុមហ៊ុនទាំងនេះ ក៏គ្រោងនឹងសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគកម្ពុជាបន្ថែមទៀតដើម្បីគ្រោងបណ្ដាក់ទុនវិនិយោគផងដែរ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា វិនិយោគិនបរទេសនឹងចូលកម្ពុជាស្វែងរកការវិនិយោគឡើងវិញ នៅក្នុងអំឡុងពាក់កណ្ដាលឆ្នាំនេះ ឬចុងឆ្នាំ ហើយ។ ពេលនោះដែរសកម្មភាពវិនិយោគពីបរទេសនៅក្នុងប្រទេសកម្ពុជានឹងមានកម្រើកឡើងវិញដែលជំរុញ ឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រសើរឡើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here