លោកជា សុផារ៉ាៈ បច្ចុប្បន្ននេះទីផ្សាររបស់កម្ពុជាបានដើរស្របជាមួយនឹងរបត់អន្តរជាតិ

     ដោយៈជេស៊ីកា

       ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានថ្លែងថា បច្ចុ​  ប្បន្នទីផ្សាររបស់កម្ពុជា បានដើរស្របជាមួយបរិបទអន្តរជាតិ ដែលចាត់ទុកថា នេះគឺជាមោទនភាពរបស់កម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋាន​សាងសង់អគារFTB TOwerនាព្រឹកថ្ងៃទី២២ មេសាកនេះ។

ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានបន្តថា ដោយឡែកបើនិយាយអំពីអគារនេះ គឺពិតជាមានប្រសិទ្ធភាពណាស់ ពីព្រោះអតិថិជនគ្រប់ទិសទី អាចមកពឹងពាក់ដោយមានជំនឿទុកចិត្ត ហើយអាចផ្ដល់នូវការគាំទ្រលើការវិនិយោគគ្រប់វិស័យថែមទៀត។

អគារដែលមានកម្ពស់ 28 ជាន់របស់គម្រោង FTB Tower នេះក្រោយពេលបញ្ចប់ការសាងសង់រួច នឹងក្លាយជាអគារខ្ពស់ថ្មីមួយទៀតបន្ថែម ពីលើអគារចាប់ពីកម្ពស់ 5 ជាន់ឡើងទៅ ដែលមាននៅទូទាំងប្រទេសចំនួន២៤៣៣អគារ ដែលចាត់ទុកថានេះជាការរីកចម្រើនដ៏ធំធេង ជាមោទនភាពសម្រាប់ទាំងអស់គ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា សុផារ៉ាបានបន្តថា ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងទាំងអស់គ្នាមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ដោយយើងទាំងអស់គ្នាបានឆ្លងកាត់ឧបសគ្គធំៗអស់រយៈពេល៤៣ឆ្នាំមកហើយ ដោយឆ្លងកាត់នូវការវិវត្តន៍ឥតឈប់ឈររបស់សង្គមជាតិ និងដើរលើគន្លងមួយដ៏ត្រឹមត្រូវពិតប្រាកដ ធ្វើឲ្យមាតុភូមិរបស់យើងក្លាយជាមាតុភូមិ ដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងនីតិរដ្ឋ ដែលនេះគឺជាមូលដ្ឋានដ៏ធំសម្រាប់យើងទាំងអស់គ្នា អាចបំពេញភារកិច្ចបានគ្រប់ទីកន្លែងនិងមានការអភិវឌ្ឍន៍រីកចម្រើន ប្រកបដោយស្ថេរភាពមិនមានការថយក្រោយ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើង អំពីការដោះស្រាយនិងយុទ្ធសាស្ត្រប្រកបដោយភាពជោគជ័យ ក្នុងការទប់ស្កាត់ក៏ដូចជាការព្យាបាល និងការចាក់វ៉ាក់សាំង នៅក្នុងយុទ្ធសាស្ត្រដ៏ឈ្លាសវៃនិងប៉ិនប្រសព្វ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ19។

លោកបន្តថា “បើគ្មានយុទ្ធសាស្ត្រដែលឆ្លើយតប បានទាន់ពេលវេលានេះទេនោះ យើងទាំងអស់គ្នាក៏មិនអាចមានលទ្ធភាពមកជួបជុំគ្នានាពេលនេះដែរ ហើយសេដ្ឋកិច្ចរបស់ប្រទេសជាតិនិងការផ្សារភ្ជាប់ទំនាក់ទំនងផ្សេងៗនឹងជួបនូវការលំបាក”។

គម្រោងអគារ FTB Towerដែលត្រូវធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាពេលនេះ មានកម្ពស់២៨ជាន់ស្មើនឹងកំពស់១៥៧ម៉ែត្រ មានផ្ទៃក្រឡាទំហំ ៧៧,៥៩៣ម៉ែត្រក្រឡា ដែលចាត់ទុកថាជាអគារមួយ ដែលមានកំពស់ខ្ពស់ និងត្រូវប្រើប្រាស់ទុនវិនិយោគ១១២លានដុល្លារអាមេរិក ដោយប្រើរយៈពេលនៃការសាងសង់៣៦ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here