អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជិត៦០០លានដុល្លារអាមេរិក ក្នុងត្រីមាសទី១នេះ

ដោយ៖ សុផារី

ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (ACC) ប្រមូលចំណូលបានចំនួន២.៤២៨,៦ពាន់លានរៀល ស្មើនឹង៥៩៧,៦លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ២៣,២%នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

របាយការណ៍នេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដែលដឹកនាំដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះថយចុះ ៦១,២ពាន់លានរៀលដែលត្រូវជាប្រមាណ២,៥%។

ចំណូលតាមប្រភេទពន្ធនិងអាករ រួមមាន អាករលើតម្លៃបន្ថែមមានចំនួន ៩៤៣,៨ពាន់លានរៀល (ត្រូវជា ៣៨,៩% នៃចំណូលសរុប) អាករពិសេសមានចំនួន ៨៩៤,៩ពាន់លានរៀល (ត្រូវជា ៣៦,៨% នៃចំណូលសរុប) ពន្ធគយមានចំនួន ៤៣៦,៣ពាន់លានរៀល (ត្រូវជា ១៨% នៃចំណូលសរុប) អាករបន្ថែមលើផលិតផលប្រេងមានចំនួន ១០០,៩ពាន់លានរៀល (ត្រូវជា៤,២%នៃចំណូលសរុប) និងអាករនាំចេញនិងកម្រៃផ្សេងៗមានចំនួន៥២,៨ពាន់លានរៀល (ត្រូវជា២,២%នៃចំណូលសរុប)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះចំណូលតាមក្រុមទំនិញឃើញថា យានយន្តនិងគ្រឿងចក្រមានចំនួន១.០២៣,៨ពាន់លានរៀល (ត្រូវជា៤២,២% នៃចំណូលសរុប) ទំនិញចម្រុះមានចំនួន៧០៨,៧ពាន់ លានរៀល (ត្រូវជា២៩,២%នៃចំណូលសរុប) ផលិតផលតេលសិលាមានចំនួន៥៥៣,៦ពាន់លានរៀល (ត្រូវជា២២,៨%នៃចំណូលសរុប) និងសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន១៤២,៥ពាន់លានរៀល (ត្រូវជា៥,៩%នៃចំណូលសរុប)៕

LEAVE A REPLY

Please enter your comment!
Please enter your name here