ក្រុមហ៊ុនចិនបញ្ចប់ការសិក្សាលើផែនការកសាងរោងចក្រផលិតស៊ីម៉ងត៍ តម្លៃ ២៥០លានដុល្លារ នៅខេត្តកំពង់ស្ពឺ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រុមហ៊ុនចិនធំមួយគ្រោងបោះទុន​វិនិយោគ សាងសង់​រោងចក្រ​ផលិត​ស៊ីម៉ងត៍​តម្លៃ​ជាង២៥០​លាន​ដុល្លារ ​នៅ​ខេត្តកំពង់ស្ពឺ ខណៈរហូត​មកទល់ពេលនេះ ការសិក្សាពីផែនការបង្កើតរោងចក្រនេះ បានបញ្ចប់រួច​ហើយ។

​លោកវ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺបានមានប្រ​សាសន៍ឲ្យដឹងថា ក្រុមហ៊ុន​មកពី​ប្រទេស​ចិន ដែលគ្រោងវិនិយោគសាងសង់រោងចក្រនេះ មានឈ្មោះ Conch KT Cement។ ​ក្រុមហ៊ុន​កំពុង​រៀបចំ​បំពេញ​បន្ថែម ​នូវ​នីតិវិធី​ច្បាប់​នៅ​ក្រសួង-​ស្ថាប័ន និង​ផ្នែក​ពាក់ព័ន្ធ​ដើម្បី​ឈាន​ឆ្ពោះទៅ​ចាប់ផ្តើម​ដំណើរការ​សាងសង់​។
រោងចក្រនេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​មនោរម្យ ឃុំ​ហោងសំណំ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

លោក វ៉ី សំណាង បានបន្ត​ថា បច្ចុប្បន្ន​ការសិក្សា​របស់​ក្រុមហ៊ុន​ទៅលើ​សក្តានុពល​ធនធាន ​នៅក្នុង​តំបន់​បានបញ្ចប់​រួចរាល់​ហើយ ​ដោយ​ក្នុងនោះ​ក្រុមហ៊ុន​ ក៏បាន​សិក្សា​ពី​ការដោះស្រាយ​ផលប៉ះពាល់​ ជាមួយ​ភាគី​ពាក់ព័ន្ធ និង​បានរៀបចំ​ប្លង់គោល ​ពី​ការបែងចែក​តំបន់​អាជីវកម្ម និង​តំបន់​រដ្ឋបាល សម្រាប់​ដំណើរការ​អាជីវកម្ម​ផងដែរ​។
លោក​បន្តថា “ទោះយ៉ាងណា​មកដល់​ពេលនេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត ​ពី​កាលបរិច្ឆេទ​នៃ​ការចាប់ផ្តើម​ដំណើរការ​សាងសង់​រោងចក្រ​នេះ​នៅឡើយ​ទេ​”។

លោក​អភិបាលខេត្ត​បានលើកឡើង​ទៀតថា កត្តា​ស្ថិរភាព​នយោបាយ​មាន​សុខសន្តិភាព និង​សុវត្ថិ​ភាពល្អ កត្តា​ភូមិសាស្ត្រ​អំណោយផល​ដោយមាន​ផ្លូវជាតិ​សំខាន់ៗ​ឆ្លងកាត់ ពិសេស​ផ្លូវ​ល្បឿន​លឿន និង​ភាពសម្បូរបែប​នៃ​កម្លាំង​ពលកម្ម បានធ្វើឱ្យ​ខេត្តកំពង់ស្ពឺ ទាក់ទាញ​ការចូលមក​បណ្តាក់ទុន​ពី​សំណាក់​អ្នកវិនិយោគ​នៅ​គ្រប់ទិសទី​។ ការបណ្តាក់ទុន​វិនិយោគ​បាន​ជួយ​ផ្តល់ឱ្យ​ខេត្ត​នូវ​ភាពវិជ្ជមាន​ជាច្រើន ​ទាំង​កម្រិតជីវភាព​ប្រជាជន និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា លោកជីវ ស៊ីវ​ផេង បាន​និយាយឲ្យដឹងផងដែេថា ការវិនិយោគ​លើ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ទាំង​ការបង្កើត​ការងារ​ថ្មី ការ​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស និង​អាច​ឈានទៅ​នាំចេញ​នៅពេល​អនាគត​ផងដែរ ខណៈ​កម្ពុជា​មាន​ទីតាំង ​(​វត្ថុធាតុដើម​)​ ជាច្រើន​សម្រាប់​ផលិត​ស៊ីម៉ងត៍​។

លោក​បាន​បន្តថា “តាមរយៈ​កំណើនសេដ្ឋកិច្ច និង​ការរីកចម្រើន​នៃ​វិស័យ​សំណង់ ប្រទេស​កម្ពុជា​នឹងត្រូវ​ការ​ស៊ីម៉ងត៍​ក្នុង​បរិមាណ​ច្រើន ​នៅពេល​ខាងមុខ ជាពិសេស​នៅពេល​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ត្រូវ​គ្រប់គ្រង​បាន​ទាំងស្រុង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here