ក្រុមហ៊ុនយក្ស Google គ្រោងបោះទុន ៩,៥ពាន់លានដុល្លារវិនិយោគលើការិយាល័យ

ដោយៈសុខុម

អន្តរជាតិ: ក្រុមហ៊ុន Google គ្រោងបោះទុនវិនិយោគរហូតដល់ទៅប្រមាណ៩,៥ពាន់លានដុល្លារ លើការបង្កើតនិងពង្រីកការិយាល័យ ព្រមទាំងមជ្ឈមណ្ឌល ផ្ទុកទិន្នន័យក្នុងសហរដ្ឋអាមេរិកនៅឆ្នាំនេះ បើធៀបនឹងទំហំវិនិយោគ៧ពាន់លានដុល្លារក្នុងឆ្នាំ២០២១។

បុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ Alphabet Inc ខាងលើនេះបាននិយាយកាលពីសប្តាហ៍មុនថា ការបោះទុនវិនិយោគ នៅក្នុងរដ្ឋជាង១០នេះ នឹងជួយបង្កើតការងារពេញម៉ោងថ្មីៗ យ៉ាងតិច១២.០០០កន្លែងនៅត្រឹមដំណាច់ឆ្នាំនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៨ ខែមេសា។

តំណាងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស របស់សហរដ្ឋអាមេរិកមួយនេះនិយាយថា ខ្លួននឹងបើកការិយាល័យថ្មីមួយកន្លែង នៅក្រុងអាត្លង់តា (Atlanta) ពង្រីកវត្តមានរបស់ខ្លួននៅក្រុងញូវយ៉ក សាងសង់អគាររបស់ខ្លួនក្នុងទីក្រុងបូលឌ័រ (Boulder) រដ្ឋខូឡូរ៉ាដូ (Colorado) និងវិនិយោគលើមជ្ឈមណ្ឌលផ្ទុកទិន្នន័យទូទាំងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Alphabet និងជានាយកប្រតិបត្តិក្រុមហ៊ុន Google បានលើកឡើងតាមរយៈសំណេរបង្ហោះក្នុងប្លក់មួយថា “ការបង្កើនការវិនិយោគរបស់យើងលើការិយាល័យរូបវ័ន្ត ហាក់គួរឱ្យអស់សំណើច ខណៈដែលយើងទទួលយកភាពបត់បែនកាន់តែច្រើនជាងមុន នៅក្នុងរបៀបដែលយើងធ្វើការងារ”។

លោកបន្ថែមថា “យើងជឿជាក់ថា វាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ នៅក្នុងការវិនិយោគលើអគាររបស់យើង ហើយការបោះទុនវិនិយោគបែបនេះ នឹងធ្វើឱ្យផលិតផល និងគុណភាពជីវិតកាន់តែល្អប្រសើរឡើងសម្រាប់បុគ្គលិករបស់យើង និងសហគមន៍កាន់តែរឹងមាំ”។

ក្រុមហ៊ុន Google បានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោ​យនេះ ខ្លួនបានបោះទុនវិនិយោគ រហូតដល់ទៅជាង៣៧ពាន់លានដុល្លារ លើការិយាល័យ និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅក្នុងរដ្ឋចំនួន២៦៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here