តើសេដ្ឋកិច្ចមហាយក្សចិនមានសភាពយ៉ាងណាក្នុងត្រីមាសទី១  ឆ្នាំ២០២២នេះ? 

ដោយៈសុផារី

ប៉េកាំងៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃច័ន្ទ ទី១៨ ខែមេសានេះ ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ បានកើនឡើងដល់ទៅ៤,៨ភាគរយ ប៉ុន្តែរដ្ឋាភិបាលបានព្រមានអំពី “បញ្ហាប្រឈមសំខាន់ៗ” នៅពេលខាងមុខ ខណៈដែលការបិទខ្ទប់នៅតែបន្ត។

សេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកបានដាំក្បាលចុះ នៅពាក់កណ្តាលចុងក្រោយនៃឆ្នាំ២០២១ ដោយសារការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងការបង្រ្កាបបទល្មើសនានា ដែលទាញកំណើនសេដ្ឋកិច្ចឱ្យធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្ត៍ នៅក្នុងថ្ងៃនេះ។

ការិយាល័យស្ថិតិជាតិ (NBS) បាននិយាយថា ប៉ុន្តែវាលើសពីការរំពឹងទុកក្នុងរយៈពេល៣ ខែដំបូងនៃឆ្នាំ២០២២ ដែលកើនឡើង៤,៨ភាគរយធៀបនឹងឆ្នាំមុន ជំរុញដោយសារការចំណាយបុណ្យចូលឆ្នាំថ្មី និងកំណើនផលិតកម្មរោងចក្រ។

យ៉ាងណាក្តី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ សេដ្ឋកិច្ចនៅមិនទាន់អាចប៉ាន់ស្មាន់បានឡើយ ដោយសារតែគោលនយោបាយគ្មានកូវីដ១៩ ឬកូវីដ១៩ស្មើសូន្យ របស់រដ្ឋបាលទីក្រុងប៉េកាំង អាចនឹងធ្វើឱ្យស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ និងការបិទខ្ទប់មនុស្សរាប់សិបលាននាក់ នៅក្នុងប៉ូលសេដ្ឋកិច្ចនៃទីក្រុងសៀងហៃ និងស៊ិនជិនជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការរឹតបន្តឹង ដោយសារការរីករាលដាលនៃមេរោគកូវីដ១៩ កាលពីខែមីនា បានផ្ទុះឡើងម្តងរួចហើយ ដែលបណ្តាលឱ្យប៉ះពាល់ដល់ការលក់រាយ ដោយសារអ្នកប្រើប្រាស់ គេចចេញពីការដើរទិញឥវ៉ាន់ និងជំរុញឱ្យមានភាពអត់ការងារធ្វើ។

អ្នកនាំពាក្យការិយាល័យស្ថិតិជាតិ លោក Fu Linghui បាននិយាយនៅក្នុងថ្ងៃចន្ទនេះថា “បរិយាកាសក្នុងប្រទេស និងអន្តរជាតិកាន់តែស្មុគស្មាញ និងភាពមិនច្បាស់លាស់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមសំខាន់ៗ”។

ការស្ទុះងើបឡើងវិញពីជំងឺឆ្លង ក៏ដូចជាការដាក់ទណ្ឌកម្ម ដែលចងភ្ជាប់ជាមួយសេដ្ឋកិច្ចរបស់រុស្ស៊ី បានបង្កើនការយកចិត្តទុកដាក់របស់រដ្ឋាភិបាលបន្ថែម ដើម្បីសម្រេចទិសដៅកំណើនប្រហែល ៥,៥ភាគរយ ពេញមួយឆ្នាំ២០២២។

គោលដៅនេះ កើតឡើងនៅក្នុងឆ្នាំនយោបាយដ៏សំខាន់មួយ សម្រាប់ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ដែលកំពុងសម្លឹងមើលការកាន់អំណាចមួយអាណត្តិទៀត នៅក្នុងសមាជបក្ស ដែលនឹងប្រព្រឹត្តទៅនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។

ការផ្ទុះឡើងវិញនៃមេរោគនាពេលបច្ចុប្បន្ន គឺ “អាក្រក់បំផុត” រាប់ចាប់តាំងពីកម្រិតកំពូលនៃរលកទីមួយ ដែលបានកើតឡើងនៅទីក្រុងWUHAN នៅចុងឆ្នាំ២០១៩ ហើយសេដ្ឋកិច្ចរបស់ចិន “កំពុងចាប់ផ្តើមចុះខ្សោយ”។

ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ បានបង្ហាញថា កំណើនផលិតកម្មឧស្សាហកម្មក្នុងខែមីនា បានធ្លាក់ចុះមកត្រឹម៥,០ភាគរយ ធ្លាក់ចុះពីកំឡុងខែមករាដល់ខែកុម្ភៈ។

ទន្ទឹមនឹងនេះ ការលក់រាយបានធ្លាក់ចុះ៣,៥ភាគរយ ហើយអត្រាគ្មានការងារធ្វើនៅទីក្រុង បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល២២ខែចុងក្រោយ ក្នុងអត្រា៥,៨ភាគរយកាលពីខែមុន។

លោក Tommy Wu ប្រធានសេដ្ឋវិទូចិននៅក្រុមហ៊ុន Oxford Economics បាននិយាយនៅក្នុងកំណត់ត្រាមួយថា “ទិន្នន័យសកម្មភាពក្នុងខែមីនាបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះ ជាពិសេសចំណាយលើការប្រើប្រាស់ក្នុងគ្រួសារ”។

លោក Wu បាននិយាយថា រដ្ឋាភិបាលចិនកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពរវាង “ការរំខានតិចតួចបំផុតប្រឆាំង នឹងការគ្រប់គ្រងរលកចុងក្រោយនៃការឆ្លងមេរោគកូវីដ១៩” ប៉ុន្តែសេដ្ឋវិទូរូបនេះ បានព្រមានអំពីការទាញឱ្យសកម្មភាពសេដ្ឋកិច្ច នៅក្នុងខែឧសភា ឬខែបន្ទាប់ធ្លាក់ចុះ។

អ្នកជំនាញនិយាយថា ក្រុមមន្ត្រីកំពុងចាត់វិធានការទប់ស្កាត់ការបញ្ចេញសាច់ប្រាក់។ ទោះបីជាធនាគារកណ្តាលរបស់ប្រទេសចិនបានប្រកាសកាត់បន្ថយអនុបាតទុនបម្រុងក្តី ការបន្ថយបរិមាណសាច់ប្រាក់របស់ធនាគារ ត្រូវតែរក្សា ដើម្បីគាំទ្រដល់អាជីវកម្មខ្នាតតូច៕

LEAVE A REPLY

Please enter your comment!
Please enter your name here