កម្ពុជារំពឹងទទួលបានហិរញ្ញប្បទានដល់វិនិយោគសរុបជាង៣៥ពាន់លានដុល្លារអាមេរិករយៈពេល៣ឆ្នាំខាងមុខ

     ដោយៈ លក្ខិណា

ភ្នំពេញៈ យោងតាមការផ្សព្វផ្សាយរបស់ក្រសួងផែនការស្ដីពី កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២២-២០២៤បង្ហាញថា កម្ពុជានឹងទទួលបានប្រភពហិរញ្ញប្បទាន ដល់វិនិយោគសរុបជាង៣៥ពាន់លា​នដុល្លារអាមេរិក ក្នុងកំឡុងពេលកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២២-២០២៤។

របាយការណ៍នេះបង្ហាញថា ការវិនិយោគមូលធនរបស់វិស័យឯកជន នឹងរំពឹងមានប្រមាណ២៦ពាន់លានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ៧៣,៨ភាគរយ នៃវិនិយោគមូលធនសរុប ។ វិនិយោគមូលធនវិស័យសាធារណៈ នឹងមានប្រមាណ៩.២០១លានដុល្លារអាមេរិក ឬប្រមាណ២៦,២ភាគរយ ។

ប្រភពធនធានសម្រាប់តម្រូវការវិនិយោគពីក្នុង និងក្រៅប្រទេសសម្រា​ប់ផ្ដល់ហិរញ្ញប្បទាន ដល់តម្រូវការវិនិយោគមូលធន វិស័យសាធារណៈសរុ​បមានប្រមាណ៩,២០១លានដុល្លារអាមេរិក ក្នុងកំឡុងពេលកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២២-២០២៤។

របាយការណ៍ដដែលបានបង្ហាញផងដែរថា ក្នុងចំណោមហិរញ្ញប្បទានទាំងជាង៣៥ពាន់លានដុល្លារនោះ ឆ្នាំ២០២២ នឹងមាន១០,៨៦ពាន់លានដុល្លារអាមេរិក ឆ្នាំ២០២៣នឹងមាន១១,៩២ពាន់លានដុល្លារនិងឆ្នាំ ២០២៤ នឹងមាន១២,២៨ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគសាធារណៈមានប្រភពពីរ គឺប្រភពហិរញ្ញប្បទានដោយធនធានក្នុងស្រុក មានទឹកប្រាក់សរុប៣,៩៩ពាន់លានដុល្លារអាមេរិក និងប្រភពហិរញ្ញប្បទាន ដោយធនធានក្រៅប្រទេសរំពឹងថា នឹងមានទឹកប្រាក់សរុប៥.២០៩លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំខាងមុខ ២០២២-២០២៤ ។

លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានឱ្យដឹងនៅក្នុងអារម្ភកថារបស់លោកថា ចាប់តាំងពីឆ្នាំ១៩៩៦ ក្រសួងផែនការជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ជារៀងរាល់ឆ្នាំ  ដើម្បីឆ្លើយតបទៅនឹងអាទិភាព របស់រដ្ឋាភិបាលកម្ពុជាសម្រាប់តម្រុវការជំនួយវិនិយោគជាទុន និងជំនួយបច្ចេកទេសក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ។

ផែនការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល បានចាប់ផ្ដើមពីឆ្នាំ២០០៦-២០០៨ មកដល់ឆ្នាំ២០២២-២០២៤នេះ ការវិភាជថវិកាបាននិងកំពុងឆ្លើយតប ទៅនឹងការវិភាជដែលមានចែង នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here