ធុរជនវៀតណាមឈរលំដាប់ទី១ ដែលបានវិនិយោគនៅកម្ពុជាដោយនាំមុខគេធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា និងវៀតណាមបានឲ្យដឹងថា ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរក្នុងឆ្នាំ២០២១ មានទំហំជាង៩ពាន់លានដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ៨០ភាគរយ ប្រៀបធៀបនឹងឆ្នាំ ២០២០ និងបន្តរក្សាបាននូវសន្ទុះកំណើនជាវិជ្ជមាន ក្នុងត្រីមាសទី១ ឆ្នាំ ២០២២នេះ។

ជាមួយគ្នានេះ ធុរជនវៀតណាមបានបន្តឈរលំដាប់ទី១ ក្នុងចំណោមប្រទេសអាស៊ាន ចំពោះការវិនិយោគដោយផ្ទាល់ក្នុងប្រទេសកម្ពុជា។

ការឲ្យដឹងបែបនេះ គឺក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មីញជីង នាយករដ្ឋមន្ត្រីវៀតណាម។ នាយករដ្ឋមន្ត្រីទាំងពីរ បានលើកឡើងអំពីដំណើរវិវឌ្ឍជាវិជ្ជមាន ក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងកាលៈទេសៈនៃផលប៉ះពាល់ ពីជំងឺរាតត្បាតសកលកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន និងលោក ផាម មីញជីង បានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ ការថែរក្សា និងការពង្រឹងដោយឥតឈប់ឈរ នូវទំនាក់ទំនងមិត្តជិតខាងល្អជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក្នុងសភាពការណ៍បច្ចុប្បន្ន ពិសេសក្នុងឱកាសរំលឹក ខួបអនុស្សាវរីយ៍លើកទី ៥៥ឆ្នាំ នៃការតភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក៏ដូចជាខួបអនុស្សារីយ៍លើកទី៤៥ឆ្នាំ នៃដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិរបស់ សម្តេចតេជោ ហ៊ុន សែន និងរហូតដល់ការបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា២ ធ្នូ ១៩៧៨ ដើម្បីផ្តួលរំលំរបបប៉ុលពត នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។

នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ក៏បានឯកភាពគ្នាលើភាពចាំបាច់ ដែលត្រូវបន្តពង្រឹងនូវជំនឿទុកចិត្តខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នូវជំងឺរាតត្បាតសកលកូវីដ-១៩ តាមគន្លងនៃប្រក្រតីភាពថ្មី ដើម្បីជំរុញការស្តារសេដ្ឋកិច្ចសង្គម បន្តសហការកសាងខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here