IMF ព្យាករណ៍ៈ ការឡើងថ្លៃស្បៀងអាហារ និងថាមពលធ្វើឱ្យបណ្ដាប្រទេសក្រីក្រប្រឈមហានិភ័យខកខានសងបំណុល

ដោយៈសុខុម

អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃច័ន្ទទី១១ ខែមេសាកន្លងមកថា ការហក់ឡើងខ្លាំងនូវតម្លៃស្បៀងអាហារ និងថាមពលទូទាំងសកលលោក ដោយសារសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន កំពុងវាយប្រហារប្រទេសនានាយ៉ាងខ្លាំង ជាពិសេសបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

ស្ថាប័នអន្តរជាតិមួយនេះគូសបញ្ជាក់ថា ពិភពលោកត្រូវការយន្តការប្រសើរជាងនេះ សម្រាប់ដោះស្រាយភាពតានតឹង ផ្នែកបំណុលសាធារណៈ ដើម្បីបញ្ចៀសការខកខានការសងបំណុល តាមពេលវេលាកំណត់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១២ ខែមេសា។

លោកVitor Gaspar ប្រធាននាយកដ្ឋានកិច្ចការសារពើ​ពន្ធនៃមូលនិធិ IMF និងលោកស្រី Ceyla Pazarbasioglu ប្រធានផ្នែកយុទ្ធសាស្ត្រនៃស្ថាប័ននេះបានសរសេរក្នុងប្លក់ (Blog) ថ្មីមួយថា “សង្រ្គាមក្នុងប្រទេសអ៊ុយក្រែន កំពុងបន្ថែមហានិភ័យ នៃបំណុលសាធារណៈ ឱ្យឈានដល់កម្រិតខ្ពស់មិនធ្លាប់មាន ខណៈវិបត្តិរីករាលដាលវីរុសកូវីដ-១៩ កំពុងធ្វើឱ្យរដ្ឋាភិបាលជាច្រើនជួបបញ្ហាថវិកានៅឡើយ” ដែលទាមទារឱ្យមានវិធីសាស្ត្ររួមជាសកលដើម្បីដោះស្រាយបញ្ហាបំណុល និងទប់ស្កាត់ការខកខានសងបំណុល ដែលមិនចាំបាច់។

ការឡើងថ្លៃស្បៀងអាហារ និងថាមពលកំពុងវាយប្រហារបណ្ដាប្រ​ទេសដែលមានចំណូលទាបខ្លាំងជាងគេ ហើយប្រទេសទាំងនោះអាចនឹងត្រូវការជំនួយ និងហិរញ្ញប្បទាន ដែលមានការប្រាក់ទាបខ្លាំងបន្ថែមទៀត។ ប្រទេសនានា គួរតែធ្វើកំណែទម្រង់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវតម្លាភាពបំណុល និងពង្រឹងគោលនយោបាយគ្រប់គ្រងបំណុល ដើម្បីកាត់បន្ថយហានិភ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកជំនាញទាំងពីរនិយាយថា ប្រមាណ៦០%នៃបណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប បានធ្លាក់ចូលក្នុងវិបត្តិបំណុលរួចទៅហើយ ឬក៏ប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបំណុល។ ការកើនឡើងអត្រាការប្រាក់ក្នុងបណ្តាសេដ្ឋកិច្ចឈានមុខគេ នឹងធ្វើឱ្យប្រទេសក្រីក្រ ចំណាយកាន់តែច្រើនសម្រាប់ការខ្ចីបុល។

ពួកគាត់បានបន្ថែមទៀតថា វិបត្តិឥណទានត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដោយសារការធ្លាក់ចុះ នូវការផ្តល់ប្រាក់កម្ចីក្រៅប្រទេស ពីសំណាក់ប្រទេសចិន ខណៈមហាយក្សមួយនេះ កំពុងប្រឹងប្រែងដោះស្រាយវិបត្តិសាច់ប្រាក់ក្នុងវិស័យអចលនទ្រព្យ ការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ និងបញ្ហាជាមួយប្រាក់កម្ចីមានស្រាប់ ដែលផ្ដល់ទៅដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

អ្នកជំនាញទាំងពីរបានបន្តថា វិធានការនានាដែលចាត់ដោយសេដ្ឋកិច្ចធំៗគឺមិនគ្រប់គ្រាន់នោះទេ ហើយថារហូតមកទល់ពេលនេះ មិនទាន់មានការព្រមព្រៀង លើការរៀបចំឥណទានឡើងវិញនៅឡើយឡើយ ក្រោមក្របខណ្ឌដែលកំណត់ដោយក្រុមប្រទេស G20៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here