ធនាគារពិភពលោកៈភ្លើងសង្គ្រាមនឹងធ្វើឱ្យ GDP របស់អ៊ុយក្រែន ធ្លាក់ចុះជាង៤៥ភាគរយ ចំណែកឯ GDP របស់រុស្ស៊ីក៏ដាំក្បាលចុះ

ដោយៈសុខុម

វ៉ាស៊ីនតោន: ធនាគារពិភពលោក ឬ World Bank បាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសា ថា ផលទុនជាតិសរុបរបស់អ៊ុយក្រែន ទំនងជាសំយ៉ុងក្បាលចុះខ្លាំងដល់ទៅ៤៥,១%ក្នុងឆ្នាំនេះ ខណៈស ង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ី បានធ្វើឱ្យអាជីវកម្មនានាត្រូវបិទទ្វារ ការនាំចេញធ្លាក់ចុះខ្លាំង និងសកម្មភាពសេដ្ឋកិច្ចជាប់គាំងស្ទើរទូទាំងប្រទេស។

ទន្ទឹមនេះធនាគារពិភពលោក ក៏បានព្យាករដែរថា ផលទុនជាតិសរុប របស់រុស្ស៊ីក្នុងឆ្នាំ២០២២នេះ នឹងធ្លាក់ចុះខ្លាំងរហូតដល់ទៅ១១,២%ដោយ​សារទណ្ឌកម្មហិរញ្ញវត្ថុ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបានដាក់ទៅលើធនាគារ សហគ្រាសរដ្ឋ និងស្ថាប័នផ្សេងទៀតនៃប្រទេសរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១១ ខែមេសា។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច ដែលមានឈ្មោះថា “សង្គ្រាមក្នុងតំបន់” (War in the Region) របស់ធនាគារពិភពលោកបានបង្ហាញថា អឺរ៉ុបខាងកើត ដែលរួមបញ្ចូលប្រទេសអ៊ុយក្រែន បេឡារូស និងម៉ុលដូវ៉ា (Moldova) ត្រូវបានព្យាករថា GDP នឹងធ្លាក់ចុះរហូតដល់ទៅ៣០,៧% នៅឆ្នាំនេះដោយសារផលប៉ះពាល់បង្កឡើង ដោយសារសង្រ្គាម និងការរាំងស្ទះពាណិជ្ជកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើននៅឆ្នាំ២០២២ ក្នុងតំបន់អឺរ៉ុបកណ្តាលដែលរួមមាន ប្រទេសប៊ុលហ្គារី ក្រូអាស៊ី ហុងគ្រី ប៉ូឡូញ និងរូម៉ានី នឹងត្រូវកាត់បន្ថយពី៤,៧%មកនៅត្រឹម៣,៥% ដោយសាររំហូរជនភៀសខ្លួន តម្លៃទំនិញហក់ឡើងខ្ពស់ និងការធ្លាក់ចុះទំនុកចិត្តខ្លាំង ដែលប៉ះពាល់ដល់តម្រូវការ។

ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ការខូចខាតហេដ្ឋារចនាស ម្ព័ន្ធនៅក្នុងបរទេសអ៊ុយក្រែន បានកើនលើស១០០ពាន់លានដុល្លារហើយគិតត្រឹមដើមខែមីនា ដែលស្មើប្រមាណ២ភាគ៣នៃ GDP ឆ្នាំ២០១៩ របស់ប្រទេសនេះ។

ធនាគារនេះនិយាយថា ការប៉ាន់ប្រមាណអំពីការធ្លាក់ចុះសេដ្ឋកិច្ច៤៥,១%នេះ រាប់បញ្ចូលទាំងការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here