ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានថ្លែងថា ការនាំចេញទំនិញកម្ពុជាទៅអាមេរិក ប្រទេសចិន និងបណ្តាប្រទេសជាច្រើនទៀតកើនឡើង ឆ្លុះបញ្ចាំងពីការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
លោកឧកញ៉ាបានមានប្រសាសន៍ ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី១១ មេសាកន្លងមកថា ការនាំចេញកើនឡើងនេះ ដោយសារបប្រមុខរដ្ឋាភិបាល បានលើកលែងការធ្វើចត្តាឡីស័ក និងការបើកគោលនយោបាយសេដ្ឋកិច្ច សង្គមឡើងវិញទាំងអស់ ដែលនេះជាកាលានុវត្តន៍ភាពដ៏ល្អថែមទៀតសម្រាប់កម្ពុជា។
លោកបន្តថា “កម្ពុជានឹងទាក់ទាញការវិនិិយោគ ពីបរទេសកាន់តែច្រើន បន្ទាប់ពីការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ចិន ការចូលជាធរមាន នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)” ។
លោកបន្តថា “កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២លើសកលលោក ដែលជាប្រទេសមានសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញលឿន គឺជាការផ្សព្វផ្សាយទៅបណ្តាប្រទេសនានាលើសកលលោក ដើម្បីឲ្យគេដឹងថារាជរដ្ឋាភិបាលគ្រប់គ្រងកូវីដបានដោយជោគជ័យ និងដឹកនាំសេដ្ឋកិច្ចបានល្អប្រសើរ”។
លោកឧកញ៉ាលឹម ហេងបានបន្តថា ការទទួលបាន GSP ពីអាមេរិក EBA អង់គ្លេស និងកិច្ចព្រមព្រៀង RCEP នឹងទាក់ទាញការវិនិយោគអ្នកធុរកិច្ចមកកាន់កម្ពុជា នាពេលអនាគតមកកម្ពុជាកាន់តែច្រើន ស្របពេលបញ្ហាកូវីដ និងបញ្ហានយោបាយនៅប្រទេសមួយចំនួន បានធ្វើឲ្យអ្នកវិនិយោគងាកមកកាន់កម្ពុជា ហើយការដាក់ឲ្យអនុវត្តន៍នូវច្បាប់វិនិយោគថ្មី ក៏ជាចំណុចទាក់ទាញអ្នកធុរកិច្ចមកវិនិយោគ និងការនាំចេញកាន់តែច្រើនទៀតនាពេលខាងមុខ៕