ដោយ៖ សុផារី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន លក់ជាកញ្ចប់ពិសេសចំពោះតម្លៃលេខពិសេសផ្ទាល់ខ្លួនទាក់ទងនឹង ឈ្មោះក្រុមហ៊ុន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬសហគ្រាស ដើម្បីផ្តល់សេវាប្រកបដោយជម្រើសសម្បូណ៌បែប និងកៀរគរចំណូលបន្ថែមទៀតជូនរដ្ឋ។
នៅក្នុងកិច្ចប្រជុំពិភាក្សា នៅថ្ងៃទី០៨ ខែមេសានេះ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានគូសបញ្ជាក់អំពីប្រវត្តិនៃការអភិវឌ្ឍ ប្រព័ន្ធគ្រប់គ្រងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនរបស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រោម កិច្ចសហការយ៉ាងជិតស្និទ្ធ រវាងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក
លោកស្រីបានមានប្រសាសន៍ថា ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានធ្វើទស្សនកិច្ចសិក្សាទៅកាន់ បណ្តាប្រទេសនានា ដើម្បីដកស្រង់យកបទពិសោធន៍សំដៅអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការលក់លេខចុះបញ្ជី ពិសេសផ្ទាល់ខ្លួន រហូតសម្រេចបានសមិទ្ធផលដ៏ធំធេង និងទទួលបានជោគជ័យ តាមរយៈធនធានពិត ប្រាកដដែលក្រសួងមាន ដោយមិនមានការជួល ឬប្រើប្រាស់ធនធានពីក្រៅអ្វីឡើយ។
បន្ថែមពីលើនេះ លោកស្រីមានប្រសាសន៍ថា ការលក់លេខពិសេស ជាការផ្តល់សេវាប្រកបដោយជម្រើសសម្បូណ៌បែបជូនបងប្អូនប្រជាពលរដ្ឋ មានប្រសិទ្ធភាព តម្លាភាព ស្របតាមតម្រូវការជាក់ស្តែង ក៏ដូចជាដើម្បីកៀរគរចំណូលឱ្យបានកាន់តែច្រើនបន្ថែមទៀតជូនរដ្ឋផងដែរ។
ការប្រើប្រាស់លេខពិសេសផ្ទាល់ខ្លួនមានអត្ថប្រយោជន៍ជួយដល់ការផ្សព្វផ្សាយអំពីម៉ាកយីហោ របស់ក្រុមហ៊ុនទៅដល់អតិថិជន ទទួលបានកម្មសិទ្ធិជាឈ្មោះរបស់ក្រុមហ៊ុននៅលើផ្លាកលេខ ងាយស្រួលគ្រប់គ្រងរថយន្តរបស់ក្រុមហ៊ុន និងការពារកម្មសិទ្ធិបញ្ហារបស់ក្រុមហ៊ុនបានផងដែរ។
តាមការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថា នៅក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាស្ថិតនៅក្នុងលំដាប់លេខរៀងទី២ បន្ទាប់ពីប្រទេសសឹង្ហបុរី ទាក់ទងនឹងការរៀបចំប្រព័ន្ធលក់ដេញថ្លៃលេខចុះបញ្ជី រថយន្ត តាមប្រព័ន្ធអនឡាញ និងលេខរៀងទី២នៅអាស៊ី បន្ទាប់ពីហុងកុងដែលមានការលក់ដេញថ្លៃលេខ ចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ៕