កម្ពុជា និងអង្គការសហប្រជាជាតិ ប្តេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អបន្ថែម

ដោយ៖ សុផារី

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រព័ន្ធអ.ស.ប.ប្រចាំកម្ពុជា នៅថ្ងៃទី​០៨ ខែ​មេសា​ បានសម្តែងការពេញចិត្ត និង​ការប្តេជ្ញាចិត្តដូចគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្រ្តី បាន​កោតសរសើរចំពោះទីភ្នាក់ងារអ.ស.ប.ប្រចាំកម្ពុជា ក្នុងការផ្តល់ជំនួយដ៏មានតម្លៃ រួមមានជំនួយផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងប្រតិបត្តិការនានា ព្រមទាំងវ៉ាក់សាំងដ៏ច្រើនសន្ធឹកសន្ធាប់ តាមរយៈយន្តការ COVAX និងឧបករណ៍វេជ្ជសាស្រ្តផ្សេងទៀត ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងការរាតត្បាតជម្ងឺកូវីដ១៩។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យមួយចំនួនដែលត្រូវយកចិត្តទុកដាក់នៅក្នុងកិច្ចប្រជុំកំពូល រួមមានក្របខណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ការបន្ស៊ីគ្នារវាងទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនិងរបៀបវារៈគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ ការការពារបរិស្ថាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យមីន ពលករទេសន្តរប្រវេសន៍ ជាដើម។

លោកស្រី Pauline Tamesis បានកោតសរសើរអំពីការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ការរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំថែរក្សាសន្តិភាពអន្តរជាតិរបស់កម្ពុជា ភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដែលឈានទៅរកការបើកប្រទេសពេញលេញឡើងវិញ និងបានគូសបញ្ជាក់ពីការគាំទ្រដ៏រឹងម៉ាំរបស់អ.ស.ប.សម្រាប់ការបង្កើតយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី ក៏បានសម្តែងការកោតសរសើរ និងការដឹងគុណសម្រាប់កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការសម្របសម្រួលដែលបានផ្តល់ជូនក្រុមទីភ្នាក់ងារអ.ស.ប.ប្រចាំកម្ពុជា ដោយរាជរដ្ឋាភិបាល ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here