ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ កម្ពុជានាំចេញទំនិញបានទឹកប្រាក់ជាង៣ ៥៩៥លានដុល្លារ កើនឡើង២១.២ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមទិន្នន័យដែលទទួលបាននេះ ទំនិញចម្បងដែលរកចំណូលឱ្យកម្ពុជាច្រើនជាងគេ គឺការនាំចេញសម្លៀកបំពាក់មានតម្លៃជាង១.៤ពាន់លានដុល្លារ ស្បែកជើងជាង២៧៨លានដុល្លារ គ្រាប់ធញ្ញជាតិជាង២១៨លានដុល្លារ ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ២៣០លានដុល្លារ បន្លែជាង១២៨លានដុល្លារ ផ្លែឈើជាង៧៩លានដុល្លារ គ្រឿងសង្ហារឹមផ្សេងជាង១០៦លានដុល្លារ រួមនឹងទំនិញសំខាន់ៗមួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ ៣,៥៩៥,៧៦០,០០០ ដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា កំណើននៃការនាំចេញទំនិញនេះ ដោយសារតែយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩បានជោគជ័យ និងការដាក់ដំណើរសេដ្ឋកិច្ចឡើងវិញ ដែលធ្វើឱ្យមានការបញ្ជាទិញពីប្រទេសផ្សេងៗជាច្រើនមកកម្ពុជា ស្របពេលដែលបណ្តាប្រទេសមួយចំនួនទៀត មិនអាចទទួលការបញ្ជា ទិញពីទីផ្សារបរទេសបាន ដោយសារតែជួបបញ្ហាវិបត្តិនយោបាយ វិបត្តិសេដ្ឋកិច្ច និងវិបត្តិជំងឺកូវីដ១៩ ដែលធ្វើឱ្យអ្នកបញ្ជាទិញងាកមកកម្ពុជា។
លោកបន្តថា បើទោះបីជាឆ្នាំនេះ កម្ពុជាអាចនឹងជួបបញ្ហាប្រឈមមួយចំនួនដូចជា សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងនៃថ្លៃដឹកជញ្ជូន ដែលប៉ះពាល់ដល់ថ្លៃដើមផលិតកម្មក៏ដោយ តែកំណើននៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជានៅតែល្អប្រសើរ៕