ធនាគារព្រីនស៍វិនិយោគសរុប៥០លានដុល្លារអាមេរិក លើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ: ធនាគារព្រីនស៍ក្លាយជាអ្នកវិនិយោគធំជាងគេលើសញ្ញាបណ្ណមានបុគ្គលធានា តាមរយៈការវិនិយោគជាលក្ខណៈឯកជន នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ របស់ក្រុមហ៊ុន CAIC ក្រោយបណ្តាក់ទុនវិនិយោគបន្ថែម៣៥លានដុល្លារអាមេរិក ដែលធ្វើអោយទុនវិនិយោគសរុបស្មើនឹង៥០លានដុល្លារអាមេរិក។

ពិធីចុះហត្ថលេខាធ្វើឡើងកាលពីរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ិនOCIC និងអ្នកឧកញ៉ាចេនហ្ស៉ី ប្រធានក្រមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍គ្រុប។

ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោនៅខេត្តកណ្តាល។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្ននេះ សម្រេចបាន៣១,១% ត្រូវនឹងទឹកប្រាក់សរុប ៤៣៤លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដី) ដែលវិនិយោគរួចដោយCAIC។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥%ក្នុងមួយឆ្នាំ សម្រាប់រយៈពេល (tenor) បីឆ្នាំ ដែលត្រូវបានធានាដោយក្រុមហ៊ុនOCIC។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនOCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកធំជាងគេមួយក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនOCIC។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនCAIC ក្នុងការកាន់កាប់រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។

ធនាគារ ព្រីនស៍ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារពីធនាគារជាតិនៃកម្ពុជានៅខែកក្កដា ឆ្នាំ២០១៨។

ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់ធនាគារ ព្រីនស៍ តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជន៕

ធនាគារព្រីនស៍ធ្វើការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ដែលជាវិស័យគន្លឹះនៃអតិថិជនគោលដៅរបស់ធនាគារព្រីនស៍។ បច្ចុប្បន្នធនាគារ ព្រីនស៍ មានសាខាចំនួន៣២ និងទូរ ATM ៧៩ទីតាំងទូទាំងប្រទេស ៕

LEAVE A REPLY

Please enter your comment!
Please enter your name here