តើអាមេរិកនឹងជួយប្រទេសអឺរ៉ុបប្រឈមទណ្ឌកម្មកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នហ្គាសរបស់រុស្ស៊ីយ៉ាងណា?

ដោយ៖ សុខុម

អន្តរជាតិ: អឺរ៉ុបពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នហ្គាសរបស់រុស្ស៊ី រហូតដល់ទៅ៤០% នៃតម្រូវការសរុបសម្រាប់ចម្អិនអាហារបរិភោគ និងជាពិសេសសម្រាប់ដុតកម្ដៅក្នុងផ្ទះក្នុងរដូវរងា។

បើរុស្ស៊ីកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នហ្គាសដូចការគំរាមមែន រុស្ស៊ីនឹងខាតបង់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច ខណៈខ្លួនកំពុងទទួលរងទណ្ឌកម្មជុំទិសទៅហើយនោះ។ ប៉ុន្តែអឺរ៉ុប នឹងខ្វះឧស្ម័នហ្គាសប្រើប្រាស់សម្រាប់ចម្អិនអាហារបរិភោគ ឬអាចនឹងត្រជាក់ដល់ស្លាប់ បើគ្មានឧស្ម័នហ្គាសសម្រាប់ដុតកម្ដៅក្នុងផ្ទះ។

ប៉ុន្តែ សហភាពអឺរ៉ុបបានរួបរួមសាមគ្គីគ្នាដោយប្ដេជ្ញាឈប់ទិញឧស្ម័នរុស្ស៊ី ក្នុងវិធានការដាក់ទណ្ឌកម្មលើរុស្ស៊ី ក្រោយរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន។ ជាការឆ្លើយតប បុរសខ្លាំងរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នហ្គាសដល់ប្រទេសអឺរ៉ុបណា ដែលមិនព្រមទូទាត់ថ្លៃឧស្ម័នហ្គាសរបស់ខ្លួនជារូបិយប័ណ្ណរុស្ស៊ី Rouble ចាប់ពីថ្ងៃទី០១ ខែមេសាតទៅ។

តើសហរដ្ឋអាមេរិក មានចំណាត់ការបែបណា ដើម្បីកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុបលើឧស្ម័នហ្គាសរុស្ស៊ី?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អំឡុងពេលដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ កាលពីចុងខែមីនា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ទៅកាន់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានប្រកាសកិច្ចព្រមព្រៀងដ៏ធំមួយ ស្តីពីឧស្ម័នហ្គាសក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុបលើថាមពលរុស្ស៊ី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

នៅក្នុងកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់ឧស្ម័នបន្ថែមដល់សហភាពអឺរ៉ុប ស្មើនឹងប្រមាណ១០%នៃឧស្ម័នដែលសហភាពអឺរ៉ុបទទួលបានពីរុស្ស៊ីចំនួន៤០%នៃតម្រូវការសរុបនាពេលបច្ចុប្បន្ន នៅត្រឹមដំណាច់ឆ្នាំនេះ។

សហភាពអឺរ៉ុប បាននិយាយរួចហើយថា ខ្លួននឹងកាត់បន្ថយការប្រើប្រាស់ឧស្ម័នរបស់រុស្ស៊ី ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។

កិច្ចព្រមព្រៀងថ្មីនេះនឹងមានការចូលរួមពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតដែលផ្គត់ផ្គង់ឧស្ម័នបន្ថែមចំនួន១៥ពាន់លានម៉ែត្រគីប បន្ថែមពីលើ២២ពាន់លានម៉ែត្រគីបកាលពីឆ្នាំមុន។ ចំនួនផ្គត់ផ្គង់សរុបថ្មីនេះនឹងស្មើប្រមាណ២៤%នៃឧស្ម័នដែលនាំចូលពីប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here