ADBត្រៀមថវិកា១,៤៧ពាន់លានដុល្លារអាមេរិកសម្រាប់កម្ពុជា ស្ដារសេដ្ឋកិច្ចឡើងវិញ

     ដោយៈកុសមា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)នៅថ្ងៃនេះបានប្រកាសពីការត្រៀមកញ្ចប់ថវិកាជាតិជិត១៥០០លានដុល្លារ ដើម្បីជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី៦ មេសា ២០២២នេះ ដើម្បីជួយកម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩ ធនាគារអភិវឌ្ឍន៍អាស៊ី បានត្រៀមថវិកាសម្រាប់កម្ពុជា ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងទំហំទឹកប្រាក់រហូតដល់១,៤៧ពាន់លានដុល្លារអាមេរិក។

ក្នុងសេចក្ដីប្រកាសក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្ន ADB កំពុងអនុវត្តន៍ គម្រោងវិនិយោគចំនួន២,៣ពាន់លានដុល្លារនៅកម្ពុជា ។ សម្រាប់ឆ្នាំ ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៣២៧,១លានដុល្លារ ហើយបានកៀគរថវិកាបន្ថែមចំនួន៥លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។

សេចក្ដីប្រកាសបង្ហាញថា ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២២-២០២៥ រួមមានកម្ចីសម្បទានចំនួន ១,៤៤ ពាន់លានដុល្លារអាមេរិក និងជំនួយឥតសំណងចំនួន៣៧ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើប ឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន៦៨ ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេស មកពីតំបន់ខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here