ក្រសួងកសិកម្មកម្ពុជានិងធនាគារពិភពលោកចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងលើគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Maryam Salim នាយិកាធនាគារពិភពលោក (World Bank, WB) ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះ កិច្ចព្រមព្រៀងហិរញ្ញប្បទាន ឥតសំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជាមួយសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ដែលពិធីនេះបានប្រារព្ធឡើងនៅភូមិ អង្កោល ឃុំ សូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ។

ក្នុងពិធីដ៏មានសារ:សំខាន់នេះ លោកស្រីនាយិកា បានសម្តែងនូវចំណាប់អារម្មណ៍ទាក់ទង នឹងពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន ឥតសំណ ងបំពេញបន្ថែមទុនវិនិយោគនាពេលនេះ ដោយភ្ជាប់ទៅនឹងបេសកកម្មដ៏មានសារ: សំខាន់របស់ WB ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩ តាមរយ:វិស័យ កសិកម្ម ដោយសំដៅទៅលើសហគមន៍នៅជនបទ។

ជាគំរោងកសិកម្មផ្តោតលើប្រជាពលរដ្ឋ ដែលប្រកាន់ខ្ជាប់នូវរបរគោលគឺផលិតកម្មកសិកម្ម (មាន់ ជ្រូក គោ ចំណីសត្វ ជីកសិកម្ម បន្លែ ដំណាំ ឃ្មុំ និងត្រី) ដោយផ្តោតជាសំខាន់លើការលើកកម្ពស់ តម្លៃខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ ការធ្វើកសិធុរ:កិច្ច ឥណទាន ការចងក្រងបណ្តុំអាជិវកម្ម ការចាប់យកឱកាសទីផ្សារ និងការផ្តល់សេវាផ្គត់ផ្គង់ធាតុចូលកសិកម្ម តាមរយ:វិស័យឯកជន។

លោកវេង សាខុនមានប្រសាសន៍ថា តាមរយៈការគាំទ្រមូលនិធិរបស់ធនាគារពិភពលោក ប្រាកដជានឹងរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍសហគមន៍កសិកម្ម និងភាពជាដៃគូប្រកបដោយផ្លែផ្កា នៅក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ស្របតាមអភិក្រម “រដ្ឋ-ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍” និងជា ពិសេសសហគមន៍ស្ទឹងត្រង់សែនជ័យ នឹងមានការរីកចម្រើនថែមទៀត តាមរយ:ការពង្រីកផលិតកម្មចិញ្ចឹមឃ្មុំ និងផលិតជីសរីរាង្គ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីជ្រាបផងដែរ អំពីគោលនយោ​បាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ហើ​យពិធីចុះហត្ថលេខា ដែលយើងកំពុងប្រារព្ធនាពេលនេះ គឺបាននិងកំពុងចូលរួមជំរុញ គាំទ្រ និងពន្លឿនការអនុវត្តគោលនយោបាយនេះ ឲ្យទទួលបានជោគជ័យតាមការគ្រោងទុក។

លោកវេង សាខុនបានបន្តថា ផ្លូវត្រូវដើរឲ្យដល់គោលដៅនៅវែង ឆ្ងាយ មានឧបសគ្គ និងបញ្ហាប្រឈមច្រើន ដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាគិតគូដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ដោយឡែកក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២ -២០៣០ ក្នុងន័យលើកកម្ពស់ការធ្វើទំនើបកម្មវិស័យកសិកម្ម ឱ្យកាន់តែមានភាពប្រកួតប្រជែងប្រកបដោយ    បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ចំណូលគ្រួសារកសិករ។

ជាក់ស្ដែង “គម្រោងពិពិធកម្មកសិកម្មកម្ពុជា Cambodia Agricultural Sector Diversification Project, CASDP” ដែលទទួលបានហិរញ្ញប្បទានឥណទាន ពីធនាគារពិភពលោក បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ឆ្លើយតបបានសម ស្របតាមគោលនយោ​បាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here