ដោយ៖ សុខុម
បាងកក: ប្រទេសថៃ និងប្រទេសវៀតណាម បានប្ដេជ្ញារឹតបន្តឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងគោលបំណងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់២៥ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃទី៣ ខែមេសា។
សេចក្ដីសម្រេចនេះត្រូវបានធ្វើឡើងអំឡុងកិច្ចពិភាក្សារវាងឯកអគ្គរដ្ឋទូតថៃ ប្រចាំនៅវៀតណាម លោក Nikorndej Balankura នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính នៅទីក្រុងហាណូយ កាលពីនាថ្ងៃទី ៣១ ខែមីនា។
ភាគីទាំង២បានជួបគ្នាដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្រិតទ្វេភាគី អនុតំបន់ និងកម្រិតពហុជាតិសាសន៍។
នៅក្នុងកិច្ចពិភាក្សានោះ លោក Nikorndej Balankura ក៏បានលើកជាសំណើ និងទទួលបានការសន្យាពីនាយករដ្ឋមន្ត្រីវៀតណាម ថា ការដឹកជញ្ជូនផ្លែឈើថៃ ទៅកាន់ប្រទេសចិន តាមរយៈប្រទេសវៀតណាម នឹងកាន់តែងាយស្រួល។
មន្ត្រីការទូតថៃ រូបនេះបានបន្ថែមទៀតថា នាយករដ្ឋមន្ត្រីវៀតណាម បានសន្យាផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញនៅក្នុងការអនុញ្ញាតឱ្យប្រទេសថៃ ប្រើប្រាស់ប្រទេសវៀតណាម ជាផ្លូវឆ្លងកាត់ទៅប្រទេសចិន។
លោក Nikorndej Balankura ក៏បានស្នើឱ្យនាយករដ្ឋមន្ត្រីវៀតណាម បើកទ្វារស្វាគមន៍ការវិនិយោគក្នុងប្រទេសវៀតណាម ផងដែរ ជាពិសេសក្នុងវិស័យថាមពល។ លោកបានបន្តថា ពលរដ្ឋថៃ កាន់តែច្រើនចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសវៀតណាម ហើយរហូតមកដល់ពេលនេះ ១ភាគ៣នៃការវិនិយោគដោយជនជាតិថៃ គឺនៅក្នុងវិស័យថាមពល៕