ធនាគារពិភពលោកៈសង្គ្រាមនៅប្រទេសអ៊ុយក្រែន កំពុងគំរាមកំហែងដល់ដំណើររើបឡើងវិញនៃសេដ្ឋកិច្ច

     ដោយៈលក្ខិណា

        ភ្នំពេញៈ  ធនាគារពិភពលោកបាននិយាយនៅថ្ងៃទី៤ មេសា ២០២២នេះថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន កំពុងគំរាមកំហែងដល់ដំណើរងើបឡើងវិញទាំងរដិបរដុប នៃសេដ្ឋកិច្ចក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (EAP) ពីវិបត្តិនៃជំងឺកូវីដ-១៩។

សង្រ្គាមនេះបានដាក់សម្ពាធថែម ទៅលើការលំបាករបស់សេដ្ឋកិច្ចពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ដែលមិនទាន់ផុតរលត់នៅឡើយ អមដោយការរឹតបន្តឹង ផ្នែកហិរញ្ញវត្ថុនៅក្នុងសហរដ្ឋអាមេរិក និងការផ្ទុះការរាលដាលនៃរោគរាតត្បាតនេះម្តងទៀត ចំពេលដែលអាជ្ញាធរក្នុងប្រទេសចិនកំពុងអនុវត្តវិធានការកូវីដសូន្យ។

ព្រឹត្តិការណ៍អង្រួនកន្ត្រាក់ចេញពីសង្រ្គាម នៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី កំពុងរំខានដល់ការផ្គត់ផ្គង់ទំនិញ, ធ្វើឱ្យភាពតាន​តឹងផ្នែកហិរញ្ញវត្ថុកាន់តែកើន និងលទ្ធភាពកំណើនសេដ្ឋកិច្ចពិភពលោកស្រុតទៅវិញ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក ក្រោមចំណងជើងថា “ជម្នះព្យុះព្យោមា” (Braving the Storms)។

ប្រទេសក្នុងតំបន់ ដែលជាអ្នកនាំចូលខ្នាតធំនូវប្រេងឥន្ធនៈ – ដូចជាប្រទេសម៉ុងហ្គោលី និងថៃ – និងបណ្តាប្រទេសដែលនាំចូលស្បៀងច្រើន – ដូចជា ប្រទេសកោះប៉ាស៊ីហ្វិក- កំពុងមានការធ្លាក់ចុះប្រាក់ចំណូលពិតប្រាកដ។ ប្រទេសដែលមានបំណុលច្រើន ដូចជាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងម៉ុងហ្គោលី និងប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចេញ ដូចជាម៉ាឡេស៊ី និងវៀតណាមជាដើម គឺងាយនឹងទទួលរងការប៉ះទង្គិចផ្នែកហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចពិភពលោកណាស់ នៅពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី ម៉ានូអែឡា ហ្វឺរ៉ូ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា សេដ្ឋកិច្ចនៃបណ្តាប្រទេសនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ទើបនឹងប្រឹងរើបឡើងវិញ ពិវិបត្តិជំងឺរាតត្បាតមិនទាន់បានប៉ុន្មានផង ស្រាប់តែសង្គ្រាមនៅអ៊ុយក្រែន នាំទម្ងន់ថ្មីមកដាក់លើចលនាការរបស់កំណើនសេដ្ឋកិច្ចទៀត។ ការមានគ្រឹះរឹងមាំ និងគោលនយោបាយល្អៗ ដែលប្រទេសក្នុងតំបន់ភាគច្រើនមាន គួរតែអាចជួយឱ្យពួកគេជម្នះព្យុះព្យោមានេះបាន”។

ខណៈដែលបណ្តាប្រទេសដែលជាអ្នកផលិតទំនិញ និងមានការប្រុងប្រយ័ត្នផ្នែកសារពើពន្ធ អាចមានលទ្ធភាពគ្រាន់បើ ដើម្បីទប់ទល់នឹងស្ថានអង្រួនកន្ត្រាក់ទាំងនេះ, ផលវិបាកដោយប្រយោល នៃព្រឹត្តិការណ៍ទាំងនេះ នឹងធ្វើឱ្យក្តីរំពឹងទុក អំពីកំណើនបាក់ទឹកចិត្តទៅវិញ សម្រាប់ប្រទេសភាគច្រើននៅក្នុងតំបន់។

ជារួម កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងថយចុះមកត្រឹម៥ភាគរយនៅក្នុងឆ្នាំ២០២២ បានន័យថា០,៤នៃភាគរយ តិចជាងការរំពឹងទុកកាលពីខែតុលាឆ្នាំកន្លងទៅ។

របាយការណ៍បានបន្តថា ប្រសិនបើស្ថានភាពពិភពលោកកាន់តែអាក្រក់ ហើយការឆ្លើយតបគោលនយោបាយជាតិ តាមប្រទេសមានភាពទន់ខ្សោយ នោះកំណើនអាចធ្លាក់ចុះនៅត្រឹម៤ភាគរយ។ ប្រទេសចិន ដែលមានចំណែករហូតដល់ ទៅ៨៦ភាគរយនៃទិន្នផលសរុបក្នុងតំបន់ ត្រូវបានព្យាករណ៍ថា នឹងមានកំណើនសេដ្ឋកិច្ចត្រឹម៥ភាគរយ ដែលជាគំនូសបន្ទាត់គោល និងទទួលបានត្រឹមតែ៤ភាគរយប៉ុណ្ណោះ នៅក្នុងសេណារីយោអវិជ្ជមាន។

ផលទុននៃសេដ្ឋកិច្ចនៅក្នុងផ្នែកដទៃទៀតក្នុងតំបន់ ត្រូវបានព្យាករណ៍ថានឹងពង្រីកបាន ៤,៨ភាគរយដែលជាគំនូសបន្ទាត់មូលដ្ឋាន និងត្រឹមតែ ៤,២ភាគរយទេ នៅក្នុងសេណារីយោអវិជ្ជមាន។ នៅក្នុងសេណារីយោអវិជ្ជមានបែបនេះ មនុស្ស៦លាននាក់ថែមទៀត ក្នុងតំបន់នឹងបន្តជាប់ផុតក្នុងភាពក្រីក្រនៅក្នុងឆ្នាំ២០២២ បើគិតតាមបន្ទាត់ភាពក្រីក្រតម្លៃ ៥,៥ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។

លោក អាឌីត្យា ម៉ាទូ (Aaditya Mattoo) សេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក និយាយថា ស្ថានភាពអង្រួនកន្ត្រាក់ផ្ទួនៗគ្នាបែបនេះ នឹងនាំមកនូវភាពចុកចាប់ ផ្នែកសេដ្ឋកិច្ចថែមទៀត ធ្វើឱ្យប្រជាជនស្ថិតក្នុងស្ថានភាពមួយ ដែលរដ្ឋាភិបាលរបស់គេមានលទ្ធភាពផ្នែកហិរញ្ញវត្ថុ កាន់តែតិចសម្រាប់ជួយធ្វើអន្តរាគមន៍ ប៉ុន្តែការធ្វើកំណែទម្រង់ព្រមៗគ្នាផ្នែកសារពើពន្ធ, ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម អាចនឹងជួយសម្រាលហានិភ័យទាំងនេះបានខ្លះ និងជួយស្តារកំណើន និងកាត់បន្ថយភាពក្រីក្រ បានដែរ ។

របាយការណ៍នេះផ្តល់អនុសាសន៍បួនយ៉ាង សម្រាប់ធ្វើចំណាត់ការផ្នែកគោលនយោបាយ។ ជំនួសឱ្យវិធានការគ្រប់គ្រងតម្លៃ និងការជួយទូទៅ អន្តរាគមន៍ទៅតាមក្រុមគ្រួសារ និងក្រុមហ៊ុនជាគោលដៅ ជួយកម្រិតការលំបាក់ពីការប៉ះទង្គិចនៃវិបត្តិ និងបង្កើតលំហសម្រាប់ការវិនិយោគ ដែលជំរុញកំណើន។

ការសាកល្បងសមត្ថភាពរបស់ស្ថាប័នហិរញ្ញវត្ថុ ក្នុងការលៃលកជាមួ​យនឹងព្រឹត្តិការណ៍អង្រួនកន្ត្រាក់ថ្មីៗ អាចជួយកំណត់នូវហានិភ័យទាំង​ឡា​យ មើលមិនឃើញកន្លងមកទាក់ទង ទៅនឹងគោលនយោបាយអត់ធ្មត់និងស្តងដារធូរស្រាលនានា ដែលនិយតករអនុវត្តចំពោះស្ថាប័នហិរញ្ញវត្ថុ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវិដ១៩។

កំណែទម្រង់គោលនយោបាយ ទាក់ទងនឹងពាណិជ្ជកម្មក្នុងទំនិញ និងជាពិសេស នៅក្នុងវិស័យសេវាកម្ម ដែលនៅត្រូវបានការពារនៅឡើយ នឹងជួយឱ្យបណ្តាប្រទេសនានា ទាញយកអត្ថប្រយោជន៍ពីការប្រែប្រួល នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មពិភពលោក។ ការកែលម្អជំនាញ និងការលើកកម្ពស់ការប្រកួតប្រជែង នឹងកាន់តែជួយពង្រឹងសមត្ថភាព និងការលើកទឹកចិត្តក្នុងការទទួលយកបច្ចេកវិទ្យាឌីជីថលថ្មី មកប្រើប្រាស់ក្នុងសេដ្ឋកិច្ច ៕

LEAVE A REPLY

Please enter your comment!
Please enter your name here