សហរដ្ឋអាមេរិក ប្រឈមការខាតបង់ដល់ទៅ២ទ្រីលានដុល្លារ ក្នុងមួយឆ្នាំៗដោយសារបម្រែបម្រួលអាកាសធាតុ

សុខុម

វ៉ាស៊ីនតោន: សេតវិមានបានលើកឡើងនៅក្នុងការវាយតម្លៃលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអាទិត្យ កន្លងទៅថា គ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ និងគ្រោះរាំងស្ងួតដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឱ្យថវិកាសហព័ន្ធរបស់សហរដ្ឋអាមេរិក ខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗនៅដំណាច់សតវត្សរ៍ទី២១ នេះ។

យោងតាមទីភ្នាក់ារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៤ ខែមេសា នេះឱ្យដឹងថា ការវាយតម្លៃរបស់ការិយាល័យគ្រប់គ្រង និងថវិកា (Office of Management and Budget) ដែលទទួលភារកិច្ចពីប្រធានាធិបតី ចូ បៃឌិន កាលពីខែឧសភា ឆ្នាំ២០២១ បានរកឃើញថា បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឱ្យសហរដ្ឋអាមេរិក ខាតបង់ថវិកាប្រចាំឆ្នាំនៅដំណាច់សតវត្សរ៍នេះសរុប៧,១%ដែលស្មើនឹង២ទ្រីលានដុល្លារ ក្នុងមួយឆ្នាំៗគិតជាដុល្លារនាពេលបច្ចុប្បន្ន។

លទ្ធផលនៃការវិភាគបានរកឃើញថា រដ្ឋាភិបាលសហព័ន្ធអាចនឹងចំណាយបន្ថែមចន្លោះពី២៥ពាន់លានដុល្លារ ទៅ១២៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗលើការចំណាយនានាដូចជាការផ្តល់ជំនួយគ្រោះមហន្តរាយតាមឆ្នេរសមុទ្រ ទឹកជំនន់ ការខូចខាតដំណាំ និងការធានារ៉ាប់រងសុខភាព ការពន្លត់ភ្លើងឆេះព្រៃ និងការជន់លិចនៅតាមស្ថាប័នសហព័ន្ធនានាជាដើម។

កាលពីឆ្នាំមុន រលកកម្ដៅ និងគ្រោះរាំងស្ងួតនៅតំបន់ភាគខាងលិចរបស់សហរដ្ឋអាមេរិក បានបង្កឱ្យមានភ្លើងឆេះព្រៃយ៉ាងធំសម្បើមមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋអូរីហ្គិន (Oregon)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (National Oceanic and Atmospheric Administration) បានលើកឡើងកាលពីខែមីនា ថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានកើតមាននៅផ្នែកខ្លះនៃតំបន់ភាគខាងលិចរបស់សហរដ្ឋអាមេរិក ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ ទំនងជានឹងបន្តកើតមាន ឬកាន់តែធ្ងន់ធ្ងរទៅៗនៅនិទាឃរដូវនេះ។

មូលដ្ឋានយោធានានារបស់សហរដ្ឋអាមេរិក បានទទួលរងការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារទឹកជំនន់ និងខ្យល់ព្យុះកំណាច៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here