ក្រសួងចំនួនពីរអំពាវនាវឱ្យក្រុមហ៊ុនរួសរាន់មកចុះឈ្មោះស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ com.kh

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីពាណិជ្ជកម្ម ហើយពុំទាន់បានប្រើប្រាស់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ com.khនៅឡើយ ត្រូវប្រញាប់រួសរាន់មកចុះឈ្មោះស្នើសុំប្រើប្រាស់ឈ្មោះ ដែនជាតិកម្រិតទី២ ប្រភេទ com.khនៅនិយ័តករទូរគមនាគមន៍កម្ពុជា។

សេចក្តីជូនដំណឹងរួមចេញដោយក្រសួងទាំងពីរនៅថ្ងៃទី០១ ខែមេសានេះ បានឱ្យដឹងថា អនុលោមតាមមាត្រា៧ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម អំពីការធ្វើប្រតិវេទន៍ប្រចាំឆ្នាំ និងមាត្រា៧ នៃអនុក្រឹត្យលេខ២៨៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត បានកំណត់ឱ្យ ក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់ឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ.com.kh។

ម្យ៉ាងទៀត ត្រូវផ្ដល់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ com.kh នេះ នៅពេលធ្វើប្រតិវេទន៍ប្រចាំឆ្នាំ ទាក់ទងនឹងស្ថានភាពរបស់ក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម។

ដូច្នេះ ក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្ម ហើយពុំទាន់បានប្រើប្រាស់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ com.kh នៅឡើយ ត្រូវប្រញាប់រួសរាន់មកចុះឈ្មោះស្នើសុំប្រើប្រាស់ឈ្មោះ ដែនជាតិកម្រិតទី២ ប្រភេទ com.kh នៅនិយ័តករទូរគមនាគមន៍កម្ពុជា។

ទន្ទឹមនឹងនេះ ចំពោះក្រុមហ៊ុនដែលត្រូវប្រកាសប្រតិវេទន៍ប្រចាំឆ្នាំទាក់ទងនឹងស្ថានភាពរបស់ក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ ត្រូវផ្តល់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិ កម្រិតទី២ ប្រភេទ .com.kh នៅពេលប្រកាសប្រតិវេទន៍ប្រចាំឆ្នាំ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here