អភិបាលស្រុកបន្ទាយស្រីពង្រីកការបំពាក់អំពូលសូឡាតាមភូមិនានា

ដោយៈគង់ សូរិយា

សៀមរាបៈ ភូមិមួយទៀតនៅក្នុងស្រុកបន្ទាយស្រី ត្រូវបានបំពាក់អំពូលសូឡា សូមចូលរួមត្រេកអរដល់អ្នកភូមិរំចេក! ថ្ងៃមុនទើបតែបានផ្លូវបេតុង ថ្ងៃនេះថែមទាំងបានអំពូលសូឡា នៅតាមមុខផ្ទះរៀងៗខ្លួនបន្ថែមទៀត។


លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាុយស្រិបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីម្សិលម៉ិញនេះថា អំពូលសូឡាចំនួន ២៤០គ្រឿង ដែលបានមកពីការកៀរគររៃអង្គាសថវិ កាពីសប្បុរសជននានា និងការចូលរួមបដិភាគ ជាដងទម្រអំពូលពីសំណាក់បងប្អូន ប្រជាពលរដ្ឋម្ចាស់ផ្ទះនីមួយៗ គឺជាផ្នែកមួយនៃយុទ្ធនាការ«ផ្ទះ១ អំពូល១»របស់រដ្ឋបាលស្រុកបន្ទាយស្រី។

លោកបន្តថា “គំរោងនេះ ក្នុងបេសកកម្មលើកស្ទួយគុណភាពជីវិត នាពេលរាត្រីរបស់បងប្អូន ប្រជាពលរដ្ឋនៅតាមទីជនបទ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពនៅក្នុងភូមិឃុំ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលយប់”។

ក្នុងនាមរដ្ឋបាលស្រុកបន្ទាយស្រី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ចាន់ សុខឃាំង អគ្គនាយកក្រុមហ៊ុនបាយ័នហេរីថេក និងក្រុមគ្រួសារ ដែលបានចូលរួមចំណែកឧបត្ថម្ភ ជាថវិកាចំនួន៨លានរៀល ជាមួយរដ្ឋបាលស្រុក នៅក្នុងយុទ្ធនាការលើកនេះ ហើយថែមទាំងបានរៀបចំជាអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋមកពីភូមិរំចេក ចំនួន៦០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានជីធម្មជាតិ ១កញ្ចប់ អាវយឺត១ និងថវិកា ២ម៉ឺនរៀលផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឃឹម ហ្វីណង់បានបន្តថា រហូតមកដល់ពេលនេះ យុទ្ធនាការ”ផ្ទះ១អំពូល១”បានទៅដល់គ្រប់ឃុំទាំងអស់ នៅក្នុងស្រុកបន្ទាយស្រីរួចហើយ គ្រាន់តែឃុំខ្លះបានគ្រប់ភូមិ ហើយឃុំខ្លះទៀតមិនទាន់ បានគ្រប់ភូមិនៅឡើយ ដោយភូមិដែលស្ថិតនៅជាប់នឹងផ្លូវជាតិ ផ្លូវកៅស៊ូ ឬផ្លូវបេតុងដែលមានចរាចរណ៍ឆ្លងកាត់ច្រើន ត្រូវបានផ្តល់អាទិភាពមុនគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here