ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកខេមបូឌាត្រេដគ្រោងដាក់ដំណើរនៅថ្ងៃទី៣១មិនានេះ

  ដោយៈលក្ខិណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សម្ពោធឱ្យដំណើរការ ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងទម្រង់ជាអាជីវកម្មទៅអតិថិជន ( B2C ) និងពីអាជីវកម្មទៅអាជីវកម្ម (B2B ) សម្រាប់ការលក់ផលិតផលខ្មែរទៅកាន់ទីផ្សារក្នុងស្រុកនិងអន្តរជាតិនៅថ្ងៃទី៣១ខែមីនា ២០២២ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី២៩ មីនា ២០២២ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងប្រព័ន្ធអេកូឡូស៊ី ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ទាំងក្នុងក្របខណ្ឌបទប្បញ្ញត្តិ និងយុទ្ធសាស្ត្រ ដូចជា ការអនុម័តច្បាប់ស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ២០១៩ អនុក្រឹត្យមួយចំនួន ដែលសម្រួលដល់ការចុះឈ្មោះអាជីវកម្មលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីការការពារអ្នកប្រើប្រាស់ ដើម្បីការពារសិទ្ធិរបស់អ្នកទិញទំនិ​ញនិងអាជីវកម្មតាមអនឡាញ និងយុទ្ធសាស្ត្រពាណិជ្ចកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីផ្ដល់ជាជម្រើសគោលនយោបាយជុំវិញបញ្ហាសំខាន់ៗក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ផ្សារខេមបូឌាត្រេដ គឺជាសមាសភាគមួយយ៉ាងសំខាន់ ក្រោមគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុដោយកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តក្នុងរយៈពេល៣ឆ្នាំ ដោយក្រសួងពាណិជ្ជក្មរហូតដល់ខែមិថុនា ២០២៣ ។

គម្រោង Go4eCAM គឺជាគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏សំខាន់មួយ ដែលមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ដើម្បីចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល ។ លទ្ធផលរំពឹងទុកនៅក្នុងគម្រោងនេះ គឺពន្លឿនការអនុម័តថ្នាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកក្នុងទម្រង់ជាអាជីវកម្មទៅអតិថិជន ( B2C ) និងពីអាជីវកម្មទៅអាជីវកម្មសម្រាប់ពាណិជ្ជកម្មក្នុងស្រុក និងឆ្លងកាត់ព្រំដែនរបស់សហគ្រាសធុនតូច និងមធ្យម ដោយផ្ដោតលើឌីជីថលរូបនីយកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសមកពីបណ្ដាខេត្តនិងម្ចាស់អាជីវកកម្មជាស្ត្រី ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារខេមដូឌាត្រេដ ដែលមានដំណើរការតាមរយៈថ្នាល cambodiatrade.com គឺជាទីផ្សារតាមប្រព័ន្ធអេឡិចត្រូនិកមួយដែលបានតភ្ជាប់ជាមួយសេវាទូទាត់ និងសេវាដឹកជញ្ជូន ។ ដូច្នេះអតិថិជននិងសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងមានជម្រើស កាន់តែច្រើនសម្រា់បការទិញនិងលក់ផលិតផលខ្មែរទាំងក្នុងស្រុក និងឆ្លងកាត់ព្រំដែន ។ ទាក់ទងនឹងអ្នកផ្ដល់សេវាទូទាត់ប្រាក់ ផ្សារខេមបូឌាត្រេដ ត្រូវបានតភ្ជាប់យ៉ាងពេញលេញជាមួយធនាគារវីង ធនាគារ ABA ប្រព័ន្ធបាគង និងក្រុមហ៊ុនអាយផេ៨៨ និងធនាគារសក្ដានុពលមួយចំនួន ដែលបានស្នើសុំធ្វើការតភ្ជាប់ជាមួយផ្សារខេមបូឌាត្រេដ ដូចជាធនាគារកាណាឌីយ៉ា ធនាគារជីបម៉ុត លីហួរវេរលុយ និងធនាគារហ្វីលីព៕

LEAVE A REPLY

Please enter your comment!
Please enter your name here