UNDP ៖ ជាង២១ភាគរយនៃសហគ្រិនស្ត្រីក្នុងវិស័យចំនួនបួនជួបការលំបាកក្នុងការទទួលបានធនធានហិរញ្ញវត្ថុ

ដោយ៖ សុផារី

ភ្នំពេញ៖ ជំងឺកូវីដ-១៩ បានបណ្តាលឱ្យ MSMEs ជួបប្រទះនឹងការលំបាកបន្ថែមទៀត ដោយក្នុងនោះ ២១.៣% ក្នុងចំណោមសហគ្រាសដែលបានចូលរួម បានជួបការលំបាកច្រើនក្នុងការទទួលបានធនធានហិរញ្ញវត្ថុ ជាពិសេស ក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនក្រៅប្រព័ន្ធ ដែលដឹកនាំដោយស្ដ្រី ក្នុងវិស័យកម្មន្តសាល សំណង់ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។

នេះបើតាមរបាយកាណ៍ UNDP ក្រោមប្រធានបទ កម្មវិធីធានាឥណទានសាធារណៈនៅកម្ពុជាសម្រាប់សហគ្រាសខ្នាតតូច និងខ្នាតមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យមដែលមានអ្នកគ្រប់គ្រងជាស្ត្រី ដែល បាន បង្ហាញ កាលពី ចុង សប្តាហ៍ មុន ។

របាយការណ៍ដដែលរកឃើញថា បញ្ហាប្រឈមធំៗជាងគេដែល MSMEs ជួបប្រទះក្នុងការទទួលបានហិរញ្ញប្បទាន រួមមានដូចជា ការតម្រូវឱ្យមានការដាក់ទ្រព្យបញ្ចាំដើម្បីទទួលបានកម្ចី លក្ខខណ្ឌផ្តល់កម្ចីតឹងរ៉ឹងដោយពុំមានការពិចារណាពីប្រតិបត្តិការអាជីវកម្មរបស់ MSMEs អត្រាការប្រាក់ខ្ពស់ រយៈពេលសងកម្ចីខ្លី និងសមត្ថភាពគ្រប់គ្រងរបស់ MSMEs ព្រមទាំងកង្វះខាតឯកសារហិរញ្ញវត្ថុនិងឯកសារគាំទ្រដទៃទៀត ជាដើម។

UNDP ប៉ាន់ប្រមាណថា កម្មវិធីធានាឥណទានសាធារណៈ នឹងផ្តល់នូវផលជាវិជ្ជមានយ៉ាងច្រើនដល់ផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) របស់កម្ពុជា និងការបង្កើតការងារសម្រាប់វិស័យធំៗចំនួន ២ គឺ វិស័យកសិកម្ម និងបដិសណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាន)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រៀងរាល់ការវិនិយោគ១០០លានដុល្លារក្នុងវិស័យកសិកម្មនឹងនាំឱ្យមានការផ្តល់នូវតម្លៃបន្ថែមប្រមាណ២២១លានដុល្លារ ដល់ ផ.ស.ស. ដែលត្រូវបានកែសម្រួលទៅតាមអត្រាអតិផរណាក្នុងប្រទេសឬ ផ.ស.ស. ពិត និងមានការបង្កើតការងារចំនួន ៤៨.៧៣៧ កន្លែង (១៧.៣៤៨ ការងារសម្រាប់ស្ត្រី)។ ផលដែលបានពីការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច ត្រូវបានប៉ាន់ស្មានថា មានប្រមាណជា២០១លានដុល្លារ ជាមួយនឹងសក្ដានុពលបង្កើតការងារចំនួន១៦.២២៦កន្លែង (១.១៣០ ការងារសម្រាប់ស្រ្តី)។

លោកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា “សហគ្រិនជាស្ត្រីមិនទាន់ទទួលសេវាឱ្យបានគ្រប់គ្រាន់ពីប្រព័ន្ធហិរញ្ញវត្ថុនោះឡើយ។ បើទោះជា ៦១% នៃអាជីវកម្មទាំងអស់នៅកម្ពុជាមានម្ចាស់ជាស្ត្រីក៏ដោយ មានសហគ្រិនស្ត្រីត្រឹមតែ៣%ប៉ុណ្ណោះ ដែលមានលទ្ធភាពទទួលបានឥណទានជាផ្លូវការ បើតាមរបាយការណ៍ធនាគារពិភពលោក ឆ្នាំ ២០១៩”។

លោកស្រីបន្តថា “សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមដែលមានម្ចាស់ជាស្ត្រី គឺជាធនធានដ៏សំខាន់សម្រាប់ការស្ដារឡើងវិញក្រោយការរាតត្បាតជាសកល និងធានាបាននូវវិបុលភាពនាពេលអនាគត។ កម្មវិធីធានាឥណទានសាធារណៈដែលមានភាពឆ្លើយតប នឹងចូលរួមដោះស្រាយភាពបរាជ័យនៃទីផ្សារឥណទាន ព្រមទាំងបញ្ហាប្រឈមជុំវិញលទ្ធភាពទទួលបានឥណទានដោយភាគីទី៣ ជាអ្នកជួយកាត់បន្ថយហានិភ័យឥណទានដែលផ្តល់ទៅឱ្យអ្នកដែលខ្ចីបំណុលជាស្ត្រី ក្នុងករណីដែលពួកគេមិនអាចសងកម្ចីនេះបាន។ កម្មវិធីបែបនេះ ក៏លើកកម្ពស់ប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងពង្រីកលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុ ដោយមិនចាំបាច់មានវត្ថុធានា ដែលស្ត្រីមានការខ្វះខាត ឬពុំមានគ្រប់គ្រាន់”។

លោក Wong Keet Loong ប្រធាននាយកប្រតិបត្តិនៃសាជីវកម្ម CGCC មានប្រសាសន៍ថា “ផ្អែកតាមវឌ្ឍនភាពនៃការធានាឥណទានកន្លងមក សហគ្រាសភាគច្រើន ដែលទទួលបានកម្ចីមានការធានា គឺជាសហគ្រាសខ្នាតតូច និងមធ្យម មានរហូតដល់៩៦%។ ទោះជាយ៉ាងនេះក្ដី ក្នុងចំណោមអាជីវកម្មទាំងអស់ដែលបានទទួលបានកម្ចីមានការធានា មានត្រឹមតែ២៥%ប៉ុណ្ណោះ ដែលគ្រប់គ្រងដោយស្ត្រី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here