ប្រទេសអភិវឌ្ឍលើវិស័យហាឡាលចាប់​អារម្មណ៍​​​វិនិយោគលើ​តំបន់សេដ្ឋកិច្ចពិសេសហាឡាលនៅ​កម្ពុជា​

ដោយ៖ សុផារី

ភ្នំពេញ៖ នាពេល​ថ្មីៗ មានប្រទេសដែលមានការអភិវឌ្ឍលើវិស័យហាឡាលមួយចំនួនមានបំណងមកវិនិយោគ លើវិស័យហាឡាលកម្ពុជាដោយសង្ឃឹមថា កម្ពុជានឹងរៀបចំឲ្យមានតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ការផលិតផលិតផលហាឡាលបម្រើឲ្យទីផ្សារពិភពលោកនាពេលអនាគតផងដែរ។

នេះ​បើ​តាម​កា​អះអាង​របស់​លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា នៅថ្ងៃទី២២ ខែមីនានេះ ក្នុង​កិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា​ ដោយមាន​ការ​ចូលរួម​ដោយ​​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។

ជាមួយគ្នានោះ លោកអូស្មាន ហាស្សាន់ បានលើកពីកំណើននៃសហគ្រាសកម្ពុជា ដែលបានស្នើសុំវិញ្ញាបនបត្រហាឡាលកម្ពុជា ព្រោះផ្លាកសញ្ញាហាឡាល អាចជួយបង្កើនការលក់ និងការនាំចេញផលិតផលហាឡាលទាំងនោះ ទៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិតួយ៉ាងប្រទេសថៃ និងប្រទេសម៉ាទ្បេស៊ីបាននាំចេញនូវផលិតផលហាទ្បាលរបស់គេយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ទីផ្សារពិភពលោក និងជួយបានមួយផ្នែកធំនៃកំណើនសេដ្ឋកិច្ចជាតិរបស់គេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្ថែម​ថា ផលិតផលហាឡាលដើរតួនាទីយ៉ាងសំខាន់ ដោយមិនមែនតែសម្រាប់សាសនិកឥស្លាមប៉ុណ្ណោះទេ តែជាតម្រូវការសម្រាប់ទីផ្សារពិភពលោកទាំងអ្នកមុស្លិម និងមិនមែនមុស្លិមផងដែរ ។

លោកបានបន្ថែមថា កន្លងមកនេះ សមាជិកគ.ត.ផ.ហ.ក. និងក្រុមឯកទេសផលិតផលហាឡាលតែងតែមានការប្រជុំជាមួយ បណ្ដាប្រទេសដែលមានការអភិវឌ្ឍលើវិស័យហាឡាល ដូចជាបណ្ដាប្រទេសសមាជិកអង្គការ អូអាយស៊ី​ (OIC) ដែលមានប្រទេសជាសមាជិកចំនួន៥៧ប្រទេស និងមានប្រជាជនជាង២ពាន់លាននាក់ ដើម្បីលើកកម្ពស់ស្ដង់ដារផលិតផលហាឡាលកម្ពុជា និងការទទួលស្គាល់ពីអន្តរជាតិសម្រាប់ស្លាកសញ្ញាហាទ្បាលថ្នាក់ជាតិរបស់ប្រទេសកម្ពុជា។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ផលិតផលហាឡាល មានអត្ថន័យថា “អនាម័យ និង ស្អាតស្អំ” ហើយវិស័យហាឡាលនេះ ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។

លោកបានសង្កត់ធ្ងន់ថា ដោយបច្ចុប្បន្នភាព មានការប្រើប្រាស់ផ្លាកសញ្ញាហាឡាលច្រើននៅកម្ពុជា ក្នុងនោះក៏មានការក្លែងបន្លំផ្លាកសញ្ញាហាឡាលច្រើនករណីផងដែរ ហេតុនេះឯកឧត្តមបានណែនាំដល់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ត្រូវបន្តបង្ក្រាបការប្រើប្រាស់ស្លាកសញ្ញាក្លែងក្លាយដោយរួមមាន ភោជនីយដ្ឋាន សហគ្រាស សិប្បកម្ម រោងចក្រផលិ ខ្លះបានប្រើស្លាកសញ្ញាហាទ្បាលរបស់បរទេសដោយគ្មានការអនុញ្ញាត បំពាក់ស្លាកសញ្ញាតាមទំនើងចិត្តនាពេលកន្លងមក។

វិទ្យាសាស្រ្តហាឡាលឥស្លាម ផ្ដោតលើបួនចរន្តធំៗ ដែលមានដូចជា ផលិតផលអាហារ ផលិតផលគ្រឿងសម្អាង ឱសថសាស្រ្ត និងផលិតផលសម្ភារប្រើប្រាស់។ គិតត្រឹមដើមឆ្នាំ២០២២នេះ ស្ថាប័នហាឡាលកម្ពុជា បានចេញវិញ្ញាបនបត្រហាឡាលសរុបចំនួន១៩៤អាហារដ្ឋាន និងភោជនីយដ្ឋាន ចំនួន២៤ក្រុមហ៊ុន សិប្បកម្មនិងរោងចក្រចំនួន៨៦ សត្តឃាតដ្ឋានសំឡេះមាន់ ចំនួន២ និងមុខទំនិញសរុប៧១១មុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here