សម្តេចតេជោស្នើសុំជប៉ុនជម្រុញក្រុមហ៊ុនជប៉ុនធំៗមកវិនិយោគនៅកម្ពុជា

ដោយៈសុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានស្នើជប៉ុនលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុន ឱ្យបានវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ជាពិសេសក្រុមហ៊ុនល្បីៗជប៉ុន មកតំឡើងរោងចក្រនៅកម្ពុជា។

ថ្លែងក្នុងសន្និសីទកាសែតរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីជប៉ុនបន្ទាប់ពីជួបប្រជុំពិភាក្សានាព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នៅវិមានសន្តិភាព សម្តេចបានថ្លែងថា ក្នុងគោលបំណងជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀត រួមទាំងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី និងបង្កើនវិនិយោគជប៉ុនមកកម្ពុជា។

សម្តេចតេជោ បានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន លើកទឹកចិត្តក្រុមហ៊ុនជប៉ុន ឱ្យបានវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ជាពិសេសក្រុមហ៊ុនល្បីៗជប៉ុន មកតំឡើងរោងចក្រនៅកម្ពុជា ដូចជា ដូចជា Panasonic ,Toshiba Mitsubishi ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបានស្នើនាយករដ្ឋមន្ត្រីជប៉ុន ជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្ម អាទិភាពរបស់កម្ពុជាឱ្យបានច្រើនថែមទៀត និងពិចារណាចាប់ផ្តើមសិក្សា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន បន្ថែមលើការទាក់ទាញយកអត្ថប្រយោជន៍ ពីការអនុវត្តកិច្ចព្រមព្រៀង RCEP។

បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្ថិតក្នុងកម្រិតល្អបំផុត ដែលពុំធ្លាប់មានកន្លងមក។ ហើយក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបទី១០នៃភាពជាដៃគូយុទ្ធសាស្រ្ត២០២៣ ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរឱ្យដល់កម្រិតមួយថ្មី។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ទោះបីជាក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នៅមានស្ថេរភាពក្នុងរង្វង់ជិត២ពាន់លានដុល្លារអាមេរិក។ ចំណែកវិនិយោគជប៉ុននៅកម្ពុជា យើងវិញបានងើបឡើងនៅឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកនៅឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here