សហភាពអឺរ៉ុបព្រមានអ្នកវិនិយោគលើរូបិយប័ណ្ណឌីជីថល ឬCrypto Currency ប្រយ័ត្នរលាយទ្រព្យអស់ពីខ្លួន

ដោយៈសុខុម

ក្រុងឡុងដ៍ៈ សហភាពអឺរ៉ុប បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ មីនា ថា អ្នកវិនិយោគប្រឈមហានិភ័យ នៃការខាតបង់ប្រាក់ទាំងអស់ ដែលពួកគេបានវិនិយោគលើរូបិយប័ណ្ណឌីជីថល ឬ Crypto ហើយអាចនឹងធ្លាក់ចូលក្នុងទន្ទាក់បោកប្រាស់។

ស្ថាប័នឃ្លាំមើលវិស័យមូលបត្រ ស្ថាប័នឃ្លាំមើលវិស័យធនាគារ និងស្ថាប័នឃ្លាំមើល វិស័យធានារ៉ាប់រងនៃសហភាពអឺរ៉ុប បានសេចក្តីថ្លែងការ​ណ៍រួមថា “អ្នកវិនិយោគប្រឈមនឹងលទ្ធភាពខ្ពស់ណាស់ ក្នុងការបាត់បង់ប្រាក់ទាំងអស់ ដែលពួកគេបានវិនិយោគលើរូបិយប័ណ្ណឌីជីថល”។

អាជ្ញាធរសហភាពអឺរ៉ុប បានបង្កើនការព្រមានដោយផ្ទាល់ជាបន្តបន្ទា​ប់ ចំពោះអ្នកវិនិយោគលើរូបិយប័ណ្ណឌីជីថល ដោយពន្យល់ថា អ្នកវិនិយោគលើរូបិយប័ណ្ណឌីជីថលមិនមានការការការពារ ឬ សិទ្ធិទាមទារសំណងពីការខាតបង់ឡើយ ក្រោមច្បាប់សេវាកម្មហិរញ្ញវត្ថុជាធរមាន របស់សហភាពអឺរ៉ុប។

ស្ថាប័នឃ្លាំមើលទាំងនេះនិយាយថា ខ្លួនព្រួយបារម្ភកាន់តែខ្លាំងឡើងថា អ្នកវិនិយោគកំពុងទិញរូបិយប័ណ្ណឌីជីថល រហូតដល់ទៅ១៧.០០០ប្រភេទខុសៗគ្នា រួមទាំង Bitcoin និង Ether ផងដែរ ដោយមិនបានដឹងច្បាស់ពីហានិភ័យទាំងនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍រួមខាងលើមានខ្លឹមដូច្នេះថា “អ្នកវិនិយោគគួរតែប្រុងប្រយ័ត្ន ចំពោះហានិភ័យនៃការផ្សាយពាណិជ្ជកម្មបំភ័ន្ត រួមទាំងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម និងតារាបណ្តាញសង្គម (Influencer) ផងដែរ។ អ្នកវិនិយោគគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់​ ចំពោះការសន្យាថានឹងទទួលបានផលចំណេញលឿន ឬចំណេញច្រើន ជាពិសេសការផ្សាយពា​ណិ​ជ្ជ​កម្ម​ ដែលមើលទៅល្អពេក ដែលមិនអាចជាការពិត”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here