ដោយៈ សុផារី
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពីការលេីកទឹកចិត្ដ ចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ដ។
ប្រកាសនេះមានគោលបំណងណែនាំអនុវត្តន៍ ការលើកទឹកចិត្តចំពោះការកែតម្រូវលិខិតប្រកាសពន្ធដោយ ស្ម័គ្រចិត្ត ចំពោះអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក ដែលស្នើសុំធ្វើការកែតម្រូវលិខិតប្រកាសពន្ធ ដូចមានចែងក្នុងមាត្រា១១៧ នៃច្បាប់ស្តីពីសារពើពន្ធ។
ប្រកាសនេះ មានវិសាលភាពអនុវត្តន៍ ចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលស្នើសុំធ្វើការកែតម្រូវ លិខិតប្រកាសពន្ធក្រោយកាលបរិច្ឆេទនៃការដាក់លិខិតប្រកាសពន្ធ ដោយផ្អែកលើមូលដ្ឋាននៃការភាន់ច្រឡំ ឬការភ្លាំងភ្លាត់ ដែលអ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក បានធ្វើនៅក្នុងលិខិតប្រកាសពន្ធពីមុន។
អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុក ដែលស្នើសុំកែតម្រូវដោយស្ម័គ្រចិត្តនូវកំហុសអចេតនាក្នុងការកត់ត្រាបច្ឆិកា គណនេយ្យ និងការប្រកាសបង់ពន្ធ ដែលបណ្តាលមកពីការយល់ដឹង អំពីកាតព្វកិច្ចសារពើពន្ធនៅមានកម្រិត ការធ្វេស ប្រហែស ការភាន់ច្រឡំឬការភ្លាំងភ្លាត ត្រូវទទួលបានការលើកទឹកចិត្តដូចខាងក្រោម:
១. ការកែតម្រូវមុនពេលមានការចុះធ្វើសវនកម្មពន្ធដារ
ចំពោះការិយបរិច្ឆេទ ដែលមិនទាន់ទទួលរងការចុះធ្វើសវនកម្មពន្ធដារ អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកដែលស្ម័គ្រចិត្ត ចូលខ្លួនមកកែតម្រូវបញ្ជីគណនេយ្យ លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធដែលបានបង់ខ្វះឡើងវិញ អ្នកជាប់ ពន្ធឬភ្នាក់ងារកាត់ទុក ត្រូវទទួលរងពន្ធបន្ថែមចំនួន១០% និងទទួលបានការអនុគ្រោះ បន្ថយការប្រាក់យឺតយ៉ាវ ដូចខាងក្រោម:
ក. អនុគ្រោះបន្ថយចំនួន៥០% ចំពោះការប្រាក់យឺតយ៉ាវ ក្នុងករណីដែលការកែតម្រូវនេះធ្វើឡើង ក្នុងអំឡុងពេលមិនលើសពី០៦ខែ ក្រោយកាលបរិច្ឆេទនៃការដាក់លិខិតប្រកាសពន្ធ។
ខ. អនុគ្រោះបន្ថយចំនួន២០% ចំពោះការប្រាក់យឺតយ៉ាវ ក្នុងករណីដែលការកែតម្រូវនេះ ធ្វើឡើងលើសពី៦ខែ ក្រោយកាលបរិច្ឆេទនៃការដាក់លិខិតប្រកាសពន្ធ។
២. ការកែតម្រូវក្នុងអំឡុងពេលទទួលរងការចុះធ្វើសវនកម្មពន្ធដា
ប្រសិនបើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកធ្វើការកែតម្រូវលិខិតប្រកាសពន្ធ នៅក្នុងអំឡុងពេលសវនកម្ម គិតចាប់ពីពេលបានទទួលលិខិតជូនដំណឹងស្តីពីការចុះធ្វើសវនកម្ម អ្នកជាប់ពន្ធឬភ្នាក់ងារកាត់ទុកត្រូវទទួលរងពន្ធបន្ថែម១០% និងការប្រាក់យឺតយ៉ាវ១,៥% តាមមាត្រា១៣១ នៃច្បាប់ស្តីពីសារពើពន្ធ។
អ្នកជាប់ពន្ធឬភ្នាក់ងារ កាត់ទុកក៏នឹងត្រូវទទួលរងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ តាមនីតិវិធីនិងលទ្ធផល នៃការធ្វើសវនកម្មពន្ធដារ តាមមាត្រា១៣០ ១៣១ ១៣២ និង មាត្រា១៣៣ នៃច្បាប់ស្តីពីសារពើពន្ធ។
ក្នុងករណីនេះពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដែលបានបង់រួច មិនអាចកាត់កងជាមួយនឹងពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវ ដែលជាលទ្ធផលនៃការធ្វើ សវនកម្មឡើយ។ វៀរលែងតែអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកនោះត្រូវបានទទួលរងការធ្វើសវនកម្មលើកទី១ប៉ុណ្ណោះ៕