ដោយ សុខុម
សៀងហៃ: រដ្ឋាភិបាលចិន បានអនុម័តឱ្យបុត្រសម្ព័ន្ធនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group ដែលជំពាក់បំណុលរុំកោះចាប់ផ្តើមបើកលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនហើយ នោះគឺម៉ូឌែលរថយន្តអគ្គិសនីប្រភេទស្ព័រ Hengchi 5។
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) បានសម្រេចដាក់បញ្ចូលរថយន្តអគ្គិសនី Hengchi ចំនួន២ម៉ូឌែលដែលផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ China Evergrande New Energy Vehicle Group ចូលទៅក្នុងសៀវភៅកាតាឡុករថយន្តអគ្គិសនីដែលខ្លួននិយាយថាត្រូវបានណែនាំសម្រាប់ “ការផ្សព្វផ្សាយ និងការប្រើប្រាស់”។ នេះបើយោងតាមឯកសារដែលនិយ័តករបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ មីនា។
ម៉ូឌែលរថយន្តអគ្គិសនីដែលត្រូវបានដាក់បន្ថែមចូលទៅក្នុងសៀវភៅកាតាឡុកនេះ ត្រូវបានចាត់ទុកថាមានសិទ្ធិទទួលបានការឧបត្ថម្ភធន ហើយអាចដាក់លក់នៅលើទីផ្សារបាន។ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបានចេញសេចក្ដីថ្លែងការណ៍ថា ការអនុម័តយល់ព្រមនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមីនា។
មនុស្សម្នាក់ដែលដឹងពីបញ្ហានេះបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន China Evergrande New Energy Vehicle Group នឹងចាប់ផ្ដើមលក់រថយន្តទាំងនេះនៅខែមេសា ដ៏ខ្លីខាងមុខ។
ដោយមិនបង្ហាញតួលេខជាក់លាក់ ប្រភពដដែលនិយាយថា គោលដៅនៃការលក់នេះគឺមិនខ្ពស់ពេកទេនៅឆ្នាំនេះ ដោយសារកត្តាផលិតកម្ម ប៉ុន្តែនឹងកើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំក្រោយ។
ទោះជាយ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group ដែលជាក្រុមហ៊ុនមេបានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញបញ្ហានេះ៕ Reuters៕