ដោយ: ម៉ាលីស
ភ្នំពេញ: ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា សហភាពអឺរ៉ុប បានកើនឡើង៤,៦ភាគរយ ដល់៤,៩៨ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ដែលបានចេញផ្សាយនៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២។
តួលេខនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ក្នុងទម្រង់ដោយផ្ទាល់ផង និងតាមរយៈវីដេអូផង ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោកលុយ ដាវីត និង លោកស្រី Paola Pampaloni នាយករងគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសេវាកម្មសកម្មភាពខាងក្រៅរបស់អឺរ៉ុប។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការស្តារសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគ កិច្ចសហប្រតិបត្តិការបច្ចេកទេស បញ្ហាលទ្ធភាពទទួលបានទីផ្សារ និងកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីកែលម្អបន្ថែមទៀតនូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
ភាគីទាំងពីរក៏បានប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាថាបរិយាកាសវិនិយោគរបស់កម្ពុជា នៅតែបើកចំហ សម្របសម្រួលបានល្អ ការប្រកួតប្រជែង និងអំណោយផលដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។
កម្ពុជានាំចេញផលិតផលកសិកម្ម រួមមានអង្ករ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងកង់ទៅកាន់សហភាពអឺរ៉ុប ហើយនាំចូលសម្ភារសំណង់ អាហារ និងភេសជ្ជៈ គ្រឿងអេឡិចត្រូនិក និងឱសថ ក្នុងចំណោមផលិតផលផ្សេងទៀតពីសហភាពអឺរ៉ុប៕