ដោយៈសុផារី
ប៉ៃលិនៈ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា សរុបចំនួន១,០៩៣,៨១៨ ដុល្លារ ដល់អង្គភាពទទួលជំនួយចំនួន ពីរក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ រវាងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាជាមួយអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានមានប្រសាសន៍ឱ្យដឹងថា គម្រោងទី១ គឺគម្រោងកសាងសមត្ថភាពយុវជន ក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ ឆ្នាំទី៣លើថវិកាជំនួយ៤៤៥,៩៩៤ ដុល្លារដែលបានផ្តល់ ដល់អង្គការកុមារឥតព្រំដែន (KnK) ជាអ្នកអនុវត្តន៍។
លោកមិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្តថា នៅក្នុងគម្រោងនេះដែរ អង្គការKnk នឹងបន្តគាំទ្រ ដល់យុវជន ជាពិសេសអ្នកដែលទទួលរងការលំបាកដោយសារការងារមិនស្ថិតស្ថេរ ខ្វះជំនាញជីវិត និងបោះបង់ចោលការសិក្សា។ សម្រាប់ឆ្នាំទី៣ នៃគម្រោងនេះ មជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីចំនួន២ នឹងត្រូវបានសាងសង់ ហើយមជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួន៤ ដែលរួមទាំងមជ្ឈមណ្ឌលសិក្សា សហគមន៍ថ្មីចំនួន២ ដែលទើបសាងសង់នេះ នឹងត្រូវបានបំពាក់ជាមួយនឹងសម្ភារសិក្សា។
លោកបន្ថែមថា “តាមរយៈការផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានភាពប្រសើរជាងមុន ក៏ដូចជា ការគាំទ្រយ៉ាងជិតស្និទ្ធដល់យុវជនពួកគេអាចទទួលបានជំនាញ ដែលជួយពួកគេបង្កើតមូលដ្ឋានគ្រឹះមួយ សម្រាប់ជីវិតកាន់តែប្រសើរនាពេលអនាគតរបស់ពួកគេ”។
លោកឯកអគ្គរាជទូតជប៉ុនបញ្ជាក់ថា សម្រាប់គម្រោងទី២គឺ គម្រោងការរួមបញ្ចូលគ្នា ដូចជាបញ្ហាសុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងបញ្ហាអនាម័យក្នុងខេត្តព្រះវិហារ ឆ្នាំទី៣លើថវិកាចំនួន ៦៤៧,៨២៤ ដុល្លារ ដែលបានផ្តល់ឲ្យអង្គការ World Vision Japan (WVJ)។
អង្គការ WVJ នឹងបន្តផ្តល់វគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព អាហារូបត្ថម្ភ និង WASH (ទឹកស្អាត និងអនាម័យ) ដល់មន្ត្រីសុខាភិបាល និងមន្ត្រីអភិវឌ្ឍន៍ជនបទ ព្រមទាំងសហគមន៍ក្នុងខេត្តព្រះវិហារផងដែរ។ សកម្មភាពជាបន្តបន្ទាប់ទាំងនេះ ចាប់តាំងពីឆ្នាំទី១នៃគម្រោង នឹងរួមចំណែកកែលម្អស្ថានភាពទាំងមូល នៃការអនុវត្តការផ្តល់អាហារ និងការបើប្រាស់ទឹក ដែលមានសុវត្ថិភាពក្នុងខេត្តព្រះវិហារ និងជួយកុមារឲ្យមានការលូតលាស់ ប្រកបដោយសុខភាពល្អ និងភាពរឹងមាំជាងមុន៕